ការដ្ឋានជីកស្តារបឹងពារាំងចំនួន២កន្លែង អាជ្ញាធររដ្ឋបាលក្រុងសៀមរាបបានចុះបិទ ក្រោយពីបានប្រព្រឹត្តអំពើហិង្សាបណ្ដាលឲ្យមានរបួសស្នាម.!!!
ការដ្ឋានជីកស្តារបឹងពារាំងចំនួន២កន្លែង អាជ្ញាធររដ្ឋបាលក្រុងសៀមរាបបានចុះបិទ ក្រោយពីបានប្រព្រឹត្តអំពើហិង្សាបណ្ដាលឲ្យមានរបួសស្នាម.!!!
ខេត្តសៀមរាប៖នៅព្រឹកថ្ងៃទី៣ ខែកុម្ភៈឆ្នាំ២០២២នេះ កម្លាំងសមត្ថកិច្ចចម្រុះ ដឹកនាំដោយរដ្ឋបាលក្រុងសៀមរាប បានចុះបិទការដ្ឋានជីកដីចំនួន២ ដែលបានទទួលការអនុញ្ញាតឲ្យជីកស្តារបឹងពារាំងក្នុងតំបន់អភិរក្សត្រីមេពូជបឹងពារាំង ស្ថិតក្នុងសង្កាត់ជ្រាវ ក្រោយពីម្ចាស់ការដ្ឋានទាំង២នេះ បានផ្ទុះអំពើហិង្សាដាក់គ្នាទៅវិញទៅមកបង្កជារបួសស្នាម។
លោក ហាយ យង់ តំណាងរដ្ឋបាលក្រុងសៀមរាបដែលដឹកនាំកម្លាំងចុះបិទការដ្ឋាននេះ បានឲ្យដឹងថា ការបិទការដ្ឋានជីករណ្តៅដីក្នុងបឹងពារាំងទាំងពីរកន្លែងនេះ គឺធ្វើទៅតាមបញ្ជាថ្នាក់លើ។
លោកបន្តថា ក្រុមហ៊ុនជីកដីទី១ គឺស្ថិតក្រោមការគ្រប់គ្រងរបស់សហគមន៍បឹងពារាំង ដែលមានឈ្មោះ សាន្ត រដ្ឋស៊ីង ជាម្ចាស់គ្រឿងចក្រ និងក្រុមហ៊ុនជីកដីទី២ គឺស្ថិតក្រោមគ្រប់គ្រងរបស់សហគមន៍នេសាទចុងឃ្នៀស ដែលមានឈ្មោះ ហាប់ ដា ជាម្ចាស់គ្រឿងចក្រ ហើយការឈានទៅដល់បិទការដ្ឋាននេះ ដោយមូលហេតុក្រុមហ៊ុនជីកដីទាំងពីរ ធ្វើការមិនសហការគ្នា បង្កភាពអនាធិបតេយ្យ ដឹកជញ្ជូនដីមិនបានបាញ់ទឹកតាមផ្លូវ ដែលបង្កឲ្យមានការហុយដី ធ្វើឲ្យប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋ ហើយឈានដល់ការប្រើហិង្សាបង្កជារបួសស្នាម។
លោកហាយ យង់ បន្ថែមថា ក្នុងកិច្ចសន្យាក្រុមហ៊ុនខាងលើ ត្រូវបំពេញកាតព្វកិច្ចរបស់ខ្លួន ប៉ុន្តែពួកគេបំពានកិច្ចសន្យា ហើយបង្កជារបួសស្នាមថែមទៀត ហេតុនេះហើយទើបថ្នាក់លើសម្រេចបិទអាជីវកម្មបែបនេះ ហើយការបិទការដ្ឋានជីកដីក្នុងតំបន់អភិរក្សត្រីមេពូជបឹងពារាំងនេះ គឺមិនមានថ្ងៃកំណត់ឡើយ ប្រសិនបើគ្មានបញ្ជាពីថ្នាក់លើ។
លោក ហាយ យង់ បន្តថា ចំពោះរឿងបង្កបួសស្នាមនោះ ជាបទល្មើសព្រហ្មទណ្ឌ ដូច្នេះទុកឲ្យសមត្ថកិច្ចជំនាញអនុវត្តតាមនិតិវិធី ។
សូមបញ្ជាក់ថា បឹងពារាំងជាតំបន់អភិរក្សត្រីមេពូជ ដ៏សំខាន់មួយក្នុងខេត្តសៀមរាប ដែលត្រូវបានអនុញ្ញាតឲ្យមានការជីកស្តារដើម្បីរក្សាទឹកសម្រាប់សង្គ្រោះត្រី និងសត្វស្លាបនារដូវប្រាំង ៕ដោយលោកម៉ាន់ មី តាខ្មៅ ០៩!!!
No comments