ប្រធាននាយកដ្ឋានវិទ្យុទាក់ទង ត្រូវការអ្នកមានជំនាញវិជ្ជាជីវៈបច្ចេកវិជ្ជាមកធ្វើជាបុគ្គលិកកិច្ចសន្យានិងអាចបញ្ចូលក្នុងក្របខណ្ឌនគរបាលជាតិកម្ពុជាពេញសិទ្ធិ!!!
ភ្នំពេញ៖ លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ប្រធាននាយកដ្ឋានវិទ្យុទាក់ទង ចំណុះអគ្គស្នងការនគរបាលជាតិ នៃក្រសួងមហាផ្ទៃ ដែលទើបបានប្រកាសតែងតាំងថ្មីៗ នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១នេះ បានលើកឡើងតាមបណ្ដាញសង្គមហ្វេសប៊ុកថា វិទ្យុគឺជាជំនួយការដ៏សំខាន់មិនអាចខ្វះបានសម្រាប់កម្លាំងប្រដាប់អាវុធប្រើជាមធ្យោបាយផ្តល់ព័ត៌មានលឿន និងច្បាស់លាស់។ហើយនាយកដ្ឋានវិទ្យុទាក់ទងគឺជាតួអង្គគ្រប់គ្រងវិទ្យុ និងប្រព័ន្ធចែកចាយរលកវិទ្យុទូទាំងប្រទេស។
លោកឧត្ដមសេនីយ៍ទោ ឈឿន ប៊ុនឆន បានលើកឡើងទៀតថា ក្រៅពីការងារពាក់ព័ន្ធវិទ្យុ យើងនៅមានការងារដ៏សំខាន់មួយទៀតគឺគ្រប់គ្រងទូរស័ព្ទ Hot Line ដែលជាស្ថានីយ៍ចាំទទួលព័ត៌មាន ក៏ដូចជាពាក្យបណ្តឹងពីប្រជាពលរដ្ឋទូទាំងប្រទេសពាក់ព័ន្ធនឹងសន្តិសុខសង្គម បទល្មើសព្រហ្មទណ្ឌ ចរាចរណ៍ អគ្គីភ័យ។
លោកឧត្តមសេនីយ៍ក៏បានបញ្ជាក់ឲ្យដឹងថា ដោយសារតែធនធានមនុស្សក្នុងនាយកដ្ឋានមិនទាន់ឆ្លើយតបគ្រប់ជ្រុងជ្រោយតម្រូវការការងារ លោកក្នុងនាមនាយកដ្ឋាននឹងស្វាគមន៍រាល់បងៗប្អូនៗនគរបាលគ្រប់នាយកដ្ឋាននានាចំណុះអគ្គស្នងការដ្ឋាននគរបាលជាតិដែលមានបំណងចង់ផ្លាស់ប្តូរបទពិសោធន៍មកធ្វើការងារក្នុងនាយកដ្ឋានវិទ្យុទាក់ទង។
លោកឧត្ដមសេនីយ៍ទោបានថ្លែងបញ្ជាក់បន្ថែមថា លោកក៏កំពុងស្វែងរកប្អូនៗមានកំរិតវប្បធម៍ជំនាញវិជ្ជាជីវៈខាងបច្ចេកវិជ្ជាមកធ្វើការងាររួមគ្នាក្នុងនាមជាបុគ្គលិកកិច្ចសន្យាបណ្តោះអាសន្នផងដែរ។ ប្អូនៗនឹងបញ្ចូលក្នុងក្របខណ្ឌនគរបាលជាតិកម្ពុជាពេញសិទ្ធិ ករណីប្អូនៗបានបំពេញរាល់សំណូមពររបស់នាយកដ្ឋាន។
លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ប្រធាននាយកដ្ឋានវិទ្យុទាក់ទងបានបញ្ជាក់យ៉ាងដូច្នេះទៀតថា លោកនឹងរងចាំស្វាគមន៍ ជួយលើកទឹកចិត្ត គាំទ្រពេញទំហឹងចំពោះប្អូនៗណាដែលមានឆន្ទៈពិតប្រាកដស្រលាញ់ការងារជានគរបាលពិតប្រាកដ ទិសដៅឆ្ពោះទៅបម្រើសេវាសាធារណៈ បម្រើសង្គម បម្រើប្រជាជនដោយក្តីស្មោះត្រង់តាមវិជ្ជាវីរៈ៕
ដោយតាខ្មៅ;;;;;
No comments