ឯកឧត្តម តូច ចាន់កុសល រដ្ឋលេខាធិការ ក្រសួងសាធារណការបានអញ្ជើញចូលរួមក្នុងការបើកដំណើរការជាផ្លូវការ នូវកំណាត់ផ្លូវអាស៊ានហាយវេទី១កំណាត់ផ្លូវជាតិលេខ៥!!!
ខេត្តបាត់ដំបង៖នៅព្រឹកថ្ងៃព្រហស្បតិ៍ ២រោច ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម តូច ចាន់កុសល រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងសាធារណការ និងដឹកជញ្ជូន និងតំណាងស្ថានទូតជប៉ុន ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង ព្រមទាំងឯកឧត្តម អគ្គនាយកសាធារណការ ឯកឧត្តម អគ្គនាយកបច្ចេកទេស បានអញ្ជើញចូលរួមក្នុងការបើកដំណើរការជាផ្លូវការ នូវកំណាត់ផ្លូវអាស៊ានហាយវេទី១ (កំណាត់ផ្លូវជាតិលេខ៥) ដែលជាគំរោងធ្វើឲ្យប្រសើរឡើងវិញកំណាត់ផ្លូវជាតិលេខ៥ ភាគខាងជើង(បាត់ដំបង-សិរីសោភ័ណ) ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋឲ្យមានប្រសើរ និងងាយស្រួលក្នុងការធ្វើដំណើរផងដែរ ។
ឯកឧត្តម តូច ចាន់កុសល រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានមានប្រសាសន៍ នាឱកាសពិធីប្រគល់ និងទទួលគម្រោងធ្វើឲ្យប្រសើរឡើងផ្លូវជាតិលេខ៥ (បាត់ដំបង-បន្ទាយមានជ័យ) ថា សម្រាប់ផ្លូវមួយខ្សែនេះ មានប្រវែងសរុប៨៤.៧គីឡូម៉ែត្រ ដោយផ្លូវនេះបានបើកការដ្ឋានសាងសង់ និងជួសជុលជាផ្លូវការ ចាប់ពី២៦ ខែមីនា ឆ្នាំ២០១៨ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា ដោយផ្លូវនេះជាប្រភេទផ្លូវ៤គន្លង ដែលមានទទឹង២៣ម៉ែត្រ សម្រាប់តំបន់ជនបទ និង២៨ម៉ែត្រសម្រាប់តំបន់ទីប្រជុំជន ដោយចំណាយថវិកាក្នុងការសាងសង់សរុប ១៦០,៦លានដុល្លាសហរដ្ឋអាមេរិច ។
ឯកឧត្តមបានបញ្ជាក់បន្តទៀតថា ចំពោះខេត្តបាត់ដំបង មានផ្លូវវាងក្រុងបាត់ដំបងមួយខ្សែដែលមានប្រវែងសរុប២៣.៩២ គីឡូម៉ែត្រ និងផ្លូវតាមបណ្ដោយផ្លូវជាតិលេខ៥ប្រវែង ២២.៣៥គីឡូម៉ែត្រ ដែលមានសួនច្បារនៅកណ្ដាល ដោយមានដាំដើមត្របែកព្រៃ និងចំពោះផ្នែកផ្លូវវាងក្រុង មានការដាំដើមក្ងោក នៅត្រឹមព្រំដី ។ ឯកឧត្តម បានបន្តទៀតថា ចំពោះផ្លូវ ចាប់ពីផ្លូវជាតិ ទៅដល់ព្រំដី គឺមិនអនុញ្ញាតិឲ្យមានការសាងសង់ ឬធ្វើអ្វីដែលធ្វើឲ្យប៉ះពាល់ដល់សោភ័ណភាពផ្លូវឡើយ ព្រោះផ្លូវចំណីផ្លូវ ពីផ្លូវថ្នល់រហូតដល់ព្រំដី ដែលមានដាំដើមក្ងោក រាជរដ្ឋាភិបាលបានធ្វើការដោះស្រាយ និងទិញពីប្រជាពលរដ្ឋរួចរាល់មកហើយ ដើម្បីលើកកម្ពស់សោភ័ណភាពផ្លូវឲ្យកាន់តែធំ និងមានដើមឈើសងខាងផ្លូវ ដូច្នេះបើសិនជាមានករណីណាមួយខុសពីការកំណត់របស់រាជរដ្ឋាភិបាល រដ្ឋបាលខេត្ត នឹងធ្វើការចាត់វិធានការនានាដែលបានកំណត់ ទៅលបុគ្គលណាដែលបានរំលោភបំពានផ្លូវចំណី ឬសាងសង់សំណង់ផ្សេងៗ ធ្វើឲ្យប៉ះពាល់ដល់សោភ័ណភាពផ្លូវផងដែរ ៕
#ដោយលោកសុភ័ក្ត្រ៣!!!!
No comments