កម្លាំងនគរបាលក្រុងសៀមរាបឃាត់ខ្លួនបានជនសង្ស័យ៦ នាក់ ជំនាញលួចយកម៉ូតូដ៏សកម្មនៅសៀមរាបយកមកលក់នៅផសារឃ្លាំងរំសេវភ្នំពេញ...
កម្លាំងនគរបាលក្រុងសៀមរាបឃាត់ខ្លួនបានជនសង្ស័យ៦ នាក់ ជំនាញលួចយកម៉ូតូដ៏សកម្មនៅសៀមរាបយកមកលក់នៅផសារឃ្លាំងរំសេវភ្នំពេញ...
.....................................................................
ខេត្តសៀមរាប៖ កម្លាំងនគរបាលក្រុងសៀមរាបស្រាវជ្រាវឃាត់ខ្លួនបានជនសង្ស័យមួយក្រុម ពាក់ព័ន្ធករណីកាច់សោកលួចម៉ូតូដ៏សកម្ម៦នាក់ ជាបន្តបន្ទាប់ ហើយជនសង្ស័យបានសារភាពថា ម៉ូតូទាំងអស់ដែលគេលួចបាន គឺរូបគេបាននាំគ្នាយកទៅលក់នៅផ្សារឃ្លាំងរំសេវ នៅឯរាជធានីភ្នំពេញ ។
នគរបាលព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាល ក្រុងសៀមរាប នៅថ្ងៃទី២ ខែមករា ឆ្នាំ២០២១ បានចេញរបាយការណ៍ថា នៅចន្លោះម៉ោង០២រំលងអធ្រាត្រ រហូតដល់ម៉ោង០៤ទៀបភ្លឺថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០កន្លងទៅ បន្ទាប់ពីទទួលបានសេចក្តីរាយការណ៍ករណីលួចកាច់សោ ក ម៉ូតូ ចំនួន២គ្រឿង ជាបន្តបន្ទាប់ នៅចំណុចភូមិវិហារចិន សង្កាត់ស្វាយដង្គំ ក្រុង/ខេត្តសៀមរាប កម្លាំងនគរបាលក្រុងសៀមរាប ដឹកនាំដោយលោកវរសេនីយ៍ទោ ដា ចំរើន អធិការនៃអធិការដ្ឋាននគរបាលក្រុងសៀមរាប បានចេញល្បាត ក្នុងភូមិសាស្ត្រទទួលខុសត្រូវ ដោយមានការចូលរួមផ្តល់ព័ត៌មានពីបងប្អូនប្រជាពលរដ្ឋ យើងបានប្រទះឃើញ ជនសង្ស័យ៣នាក់ នាំគ្នាដើរបណ្តើរម៉ូតូ២គ្រឿងតាមផ្លូវ ពេលឃើញកម្លាំងល្បាតទៅដល់ ជនសង្ស័យ បាននាំគ្នាទុកម៉ូតូចោល ហើយនាំគ្នារត់គេចខ្លួន តែត្រូវបានកម្លាំងល្បាត និង បងប្អូនប្រជាពលរដ្ឋ ដេញតាមចាប់ជនសង្ស័យបានម្នាក់(ឈ្មោះ លី លីវណ្ណលីតា) ចំណោម០៣នាក់ យកមកធ្វើការសាកសួរនាំ និងដកហូតបានម៉ូតូចំនួន២គ្រឿង ។
នគរបាលព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាល ក្រុងសៀមរាប បានបញ្ជាក់ថា ម៉ូតូចំនួន២គ្រឿងដែលសមត្ថកិច្ចធ្វើការដកហូតបានរួមមាន ទី១ ម៉ាកហុងដាឌ្រីមសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១០ ពាក់ស្លាកលេខសៀមរាប 1L-2371 លេខតួ/លេខម៉ាស៊ីន ៨៥០០៥៨៦ ។ ទី២ ម៉ាកហុងដាឌ្រីមសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៨ ពាក់ផ្លាកលេខ សៀមរាប 1Z-4246 ។
បន្ទាប់ពីបាននាំខ្លួនជនសង្ស័យមកដល់អធិការដ្ឋាននគរបាលក្រុងសៀមរាប ភ្លាមៗកម្លាំងនគរបាលផ្នែកព្រហ្មទណ្ឌ ដឹកនាំដោយ វរសេនីយ៍ទោ នួន ស័ក្តិចំរើនរិទ្ធ អធិការរងទទួលព្រហ្មទណ្ឌបានធ្វើការសាកសួនាំ ជនសង្ស័យរូបនេះបានឆ្លើយសារភាពថា រូបគេមានឈ្មោះ លី លីវណ្ណលីតា ភេទស្រី អាយុ៣២ឆ្នាំ ស្នាក់នៅបន្ទប់ជួលភូមិវត្តស្វាយ សង្កាត់សាលាកំរើក ក្រុង-ខេត្តសៀមរាប និងបក្ខពួក ២នាក់ទៀត មានឈ្មោះ អាន បញ្ញា ឬ លី អានសុខបញ្ញា ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅមន្ទប់ជួលភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប និងឈ្មោះ ព្រំ សាក់ ភេទប្រុស អាយុ៣៩ឆ្នាំ រស់នៅភូមិកក្រាញ់ សង្កាត់សៀមរាប ក្រុង/ខេត្តសៀមរាប ពិតជាបានធ្វើសកម្មភាពលួចម៉ូតូ ២គ្រឿង របស់ប្រជាពលរដ្ឋរងគ្រោះ រស់នៅភូមិវិហារចិន សង្កាត់ស្វាយដង្គំ ក្រុងសៀមរាបពិតមែន។
យោងតាមចម្លើយសារភាពរបស់ជនសង្ស័យទី១ និងដោយមានការឯកភាពនិងដឹកនាំបញ្ជារផ្ទាល់ ពីលោកឧត្តមសេនីយ៍ទោ ទិត្យ ណារ៉ុង ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប និងលោកឧត្តមសេនីយ៍ត្រី ភឹង ចិន្តារ៉េត ស្នងការរងទទួលផែនការងារព្រហ្មទណ្ឌ យើងបានបន្តធ្វើការស្រាវជ្រាវ និងឈានដល់ការនាំខ្លួនជនសង្ស័យចំនួន២នាក់បន្ថែមទៀត មាន ឈ្មោះ អាន បញ្ញា និងឈ្មោះ ព្រំ សាក់ មកធ្វើការសួរនាំ ក្រោយពីការសួរនាំជនសង្ស័យទាំងពីរនាក់ បានឆ្លើយសារភាពថា ពួកគេពិតជាបានធ្វើសកម្ម ភាពលួចយកម៉ូតូរបស់់ជនរងគ្រោះទាំងពីរគ្រឿងខាងលើ ពិតប្រាកដមែន ហើយជនសង្ស័យទាំងបីនាក់ បានឆ្លើយសារភាពបន្តទៀតថា កន្លងមកពួកគេធ្លាប់បានធ្វើសកម្មភាពលួចម៉ូតូ នៅក្នុងក្រុងសៀមរាបជាច្រើនករណីផ្សេងទៀត។
No comments