ឯកឧត្តម នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ចូលជួបសម្តែងការគួរសម ពិភាក្សាការងារ និងទទួលសម្ភារៈបង្ការជំងឺកូវីដ-១៩ នៅអនៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍,,,,,
ភ្នំពេញ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ១២រោច ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០ ឯកឧត្តម នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានអនុញ្ញាតឲ្យឯកឧត្តម Pablo Kang ឯកអគ្គរាជទូតអូស្ត្រាលី និងលោកស្រី Kristin Parco តំណាងអង្គការ IOM ចូលជួបសម្តែងការគួរសម ពិភាក្សាការងារ និងទទួលសម្ភារៈបង្ការជំងឺកូវីដ-១៩ នៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍។
ស្ថានទូតអូស្រ្តាលីប្រចាំរាជធានីភ្នំពេញ និងអង្គការ IOM បានឧបត្ថម្ភសម្ភារៈបង្ការជំងឺកូវីដ-១៩ រួមមាន៖ ម៉ាស់ចំនួន ៥០,០០០ម៉ាស់, របាំងមុខចំនួន ១,០០០ ជែលដបតូចចំនួន ៤៨០ដប, ជែលដបធំចំនួន ២៤០ដប, ស្រោមដៃចំនួន ១០០ប្រអប់, ឧបករណ៍វាស់កម្តៅចំនួន ៣០គ្រឿង ថ្មពិលចំនួន ១ប្រអប់ សៀវភៅ និងផ្ទាំងរូបភាពវិធានការបង្ការជំងឺកូវីដ-១៩ មួយចំនួនទៀត ជូនដល់អគ្គនាយកដ្ឋានអន្តោប្រវេសន៍។
ឯកឧត្តម នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានថ្លែងអំណរគុណដល់រដ្ឋាភិបាលអូស្រ្តាលី ក៏ដូចជាស្ថានទូតអូស្ត្រាលីប្រចាំរាជធានីភ្នំពេញ និងអង្គការ IOM ដែលតែងតែយកចិត្តទុកដាក់ និងជួយកម្ពុជា តាមរយ:ការផ្តល់ជាជំនួយបច្ចេកទេស, សម្ភារៈការពារជម្ងឺកូវីដ-១៩, ការផ្តល់វគ្គសិក្សាជំនាញ និងសិក្ខាសាលាចែករំលែកបទពិសោធន៍ពាក់ព័ន្ធ ដល់មន្រ្តីអន្តោប្រវេសន៍កម្ពុជា នាពេលកន្លងមក។
ជាពិសេស ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គនាយកអន្តោប្រវេសន៍ សង្ឃឹមថា ក្នុងនាពេលអនាគត ស្ថានទូតអូស្ត្រាលីប្រចាំរាជធានីភ្នំពេញ និងអង្គការ IOM និងបន្តកិច្ចសហប្រតិបត្តិការ អនុវត្តច្បាប់ រវាងប្រទេសទាំងពីរ លើវិស័យអន្តោប្រវេសន៍ ឲ្យកាន់តែល្អប្រសើរថែមទៀត តាមរយ:ការផ្លាស់ប្តូរ ព័ត៌មាន និងការផ្តល់វគ្គបណ្តុះបណ្តាលជំនាញ និងជំនួយបច្ចេកទេសផ្សេងៗ ដែលជាតម្រូវចាំបាច់សម្រាប់មន្រ្តីអនុវត្តច្បាប់កម្ពុជា។
ឆ្លៀតក្នុងឱកាសនេះដែរ ឯកឧត្តម Pablo Kang ឯកអគ្គរាជទូតអូស្ត្រាលី បានថ្លែងអំណរគុណ និងកោតសរសើរ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ សម្រាប់កិច្ចសហប្រតិបត្តិការល្អនាពេលកន្លងមក រវាងអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងស្ថានទូតអូស្ត្រាលី និងនៅតែបន្តកិច្ចសហប្រតិបត្តិល្អ ក្នុងការសម្របសម្រួលដល់ការធ្វើដំណើរ របស់ប្រជាពលរដ្ឋអូស្រា្តលី ក្នុងកំឡុងពេលជម្ងឺកូវីដ-១៩នេះ៕
No comments