លោកឧត្តមសេនីយ៍ត្រី សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានអញ្ជើញជាអធិបតីក្នុងពិធីចាត់បញ្ជូនមន្រ្តីនគរបាលចំនួន១០០នាក់ដែលទើបបញ្ចប់កម្មសិក្សារ,,,,,
ខេត្តបាត់ដំបង៖នៅព្រឹកថ្ងៃ ចន្ទ ១កើត ខែ មីគសិរ ឆ្នាំជូតទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី ១៦ ខែ វិច្ឆិកា ឆ្នាំ ២០២០ លោកឧត្តមសេនីយ៍ត្រី សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានអញ្ជើញជាអធិបតីក្នុងពិធីចាត់បញ្ជូនមន្រ្តីនគរបាលចំនួន១០០នាក់ដែលទើបបញ្ចប់កម្មសិក្សាឱ្យទៅបម្រើការងារនៅតាមបណ្តា អធិការដ្ឋាននគរបាលក្រុង ស្រុក ពិសេសនៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ ក្នុងខេត្តបាត់ដំបង ដែលពិធីនេះមានការអញ្ជើញចូលរួមពីលោក លោកស្រីស្នងការរង នាយការិយាល័យជំនាញ អធិការនគរបាលក្រុង ស្រុក ។
មានប្រសាសន៍ណែនាំផ្តាំផ្ញើដល់ ប្អូនៗ ក្មួយៗ ដែលជាមន្រ្តីនគរបាលទើបបញ្ចប់កម្មសិក្សានិងត្រូវបានចាត់បញ្ជូនឱ្យទៅបំពេញភារកិច្ចនៅតាមអង្គភាពអធិការដ្ឋាននគរបាលក្រុង ស្រុក និងអង្គភាពពាក់ព័ន្ធផ្សេងទៀត នាឱកាសនេះលោកឧត្តមសេនីយ៍ស្នងការបានមានប្រសាសន៍ដូចតទៅ៖
១-មន្រ្តីនគរបាលទាំងអស់ត្រូវគោរពឱ្យបានខ្ជាប់ខ្ជួននូវវិន័យលេខ០០៦ របស់កងកម្លាំងនគរបាលជាតិ ក្នុងនោះ ការគោរពនិងទទួលខុសត្រូវចំពោះភារកិច្ចដែលថ្នាក់ដឹកនាំអង្គភាពចាត់តាំងឱ្យអនុវត្ត ព្រមដោយការស្លៀកពាក់ឯកសណ្ឋាននគរបាលត្រឹមត្រូវស្របតាមការកំណត់របស់ក្រសួងមហាផ្ទៃ។
២-មន្រ្តីនគរបាលទាំងអស់ត្រូវអនុវត្តតួនាទីនិងភារកិច្ចស្របតាមជំនាញ វិជ្ជាជីវៈនិងស្របតាមច្បាប់ ជាធរមាន ហើយត្រូវមានសាមគ្គីភាពឱ្យបានល្អប្រសើរបំផុត ទាំងជាមួយកងកម្លាំងនគរបាលដូចគ្នា ជាមួយមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ ពិសេសជាមួយប្រជាពលរដ្ឋនៅមូលដ្ឋាន ត្រូវទទួលនិងចាត់វិធានការដោះស្រាយបញ្ហា ភ្លាមៗជូនប្រជាពលរដ្ឋនៅពេលណាដែលយើងទទួលបាននូវសំណូមពររបស់គាត់ដោយមិនគឹតពីពេលវេលា យប់ ថ្ងៃអ្វីឡើយ។
៣-មន្រ្តីនគរបាលទាំងអស់ត្រូវមានសកម្មភាពឱ្យបានសកម្មផុលផុសបំផុតក្នុងការចូលរួមផ្សព្វផ្សាយ និងអនុវត្ត នូវគោលនយោបាយស្តីពីភូមិ ឃុំមានសុវត្ថិភាព ដោយផ្តោតលើ បញ្ហាគ្រឿងញៀន បញ្ហាគ្រោះថ្នាក់ចរាចរណ៍ បញ្ហាឆ្លងដែនដោយខុសច្បាប់ និងសំខាន់បញ្ហាទាក់ទងនឹងការបង្ការខ្លួនកុំឱ្យឆ្លងជម្ងឺCovid-19។
នៅចុងក្រោយលោកឧត្តមសេនីយ៍ស្នងការបានជម្រុញឱ្យការិយាល័យជំនាញ និងអធិការនគរបាល ក្រុង ស្រុក ត្រូវខិតខំដោះស្រាយនិងចាត់វិធានការជាបន្ទាន់ជូនប្រជាពលរដ្ឋ នៅពេលដែលគាត់មានសំណូមពរ មកដល់ យើងពិសេសការបញ្ជូនព័ត៌មានតាមរយៈទូរស័ព្ទ ឬតាមរយៈបណ្តាញសង្គម ធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋ លោកមានទំនុកចិត្តនិងមានជំនឿជឿជាក់ចំពោះកងកម្លាំងនគរបាលយើង៕
No comments