លោក គាត ហ៊ុល អភិបាលនៃគណៈអភិបាលក្រុងប៉ោយប៉ែត ដឹកនាំក្រុមការងារ រដ្ឋបាលក្រុងប៉ោយប៉ែត ចុះមើលទឹកជំនន់ទឹកភ្លៀង,,,,,,
ខេត្តបន្ទាយមានជ័យ៖នៅព្រឹក ថ្ងៃអង្គារ ១១រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹង ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០ រយៈពេលពេញមួយព្រឹកនេះ លោកគាតហ៊ុល អភិបាលនៃគណៈអភិបាលក្រុងប៉ោយប៉ែតបានបន្ត ដឹកនាំ ក្រុមការងាររដ្ឋបាលក្រុង អាជ្ញាធរសង្កាត់និមិត្ដ កងកម្លាំងមានសមត្ថកិច្ច អង្គភាពភូមិ កម្លាំងប្រជាការពារភូមិ និងតំណាងក្រុមហ៊ុនទឹកស្អាតអានកូ ចុះពិនិត្យស្ថានភាពទឹកនៅសំណង់បង្ហៀរទឹកមួយចំនួនក្នុងមូលដ្ឋាន និងរកដំណោះស្រាយជូនបងប្អូនប្រជាពលរដ្ឋ ដើម្បីបញ្ចៀសការជន់លិចលំនៅដ្ឋាន និងភោគផលស្រូវ ដំណាំ បន្លែបង្ការរបស់បងប្អូនប្រជាពលរដ្ឋក្នុងភូមិសុខសាន្ត (អូរខៃដន) សង្កាត់និមិត្ដ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ និងតាមទីតាំងមួយចំនួនជាប់អូរព្រំដែនកម្ពុជា-ថៃ ពិសេសទីតាំងប្របមាត់អាងទំនប់អូរខៃដន។
ក្នុងឱកាសនេះ រដ្ឋបាលក្រុងប៉ោយប៉ែត សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត និងជាពិសេសប្រជាពលរដ្ឋដែលរស់នៅតាមបណ្ដោយមាត់អូរជាប់ព្រំដែនកម្ពុជា-ថៃ មេត្តាជ្រាបថា យោងតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តបន្ទាយមានជ័យ ចុះថ្ងៃទី១១ ខែតុលា ឆ្នាំ២០២០ និងយោងតាមស្ថានភាពជាក់ស្ដែងបានឱ្យដឹងថា ខេត្តបន្ទាយមានជ័យ និងជាពិសេសក្រុងប៉ោយប៉ែត ដោយអំឡុងពេលនេះស្ថានភាពជំនន់ទឹកភ្លៀងនៅក្នុងព្រះរាជាណាចក្រថៃទ្បង់ដ៏ គឺកម្ពស់ទឹកមានកម្រិតខ្ពស់ និងមានភ្លៀងធ្លាក់ជាបន្តបន្ទាប់។
លក្ខណៈបែបនេះ នឹងបង្កធ្វើឱ្យក្រុង-ស្រុកមួយចំនួនដែលនៅជាប់ព្រំដែនកម្ពុជា-ថៃ ជាពិសេសក្រុងប៉ោយប៉ែត នឹងរងឥទ្ធិពលទឹកជំនន់ពីព្រះរាជាណាចក្រថៃឡង់ដ៏ ក្នុងកម្រិតធ្ងន់ធ្ងរផងដែរ។
យោងតាមស្ថានភាពដូចបានជម្រាបជូនខាងលើ សូម កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ រដ្ឋបាលសង្កាត់ ភូមិ និងបងប្អូនប្រជាពលរដ្ឋស្ថិតក្នុងភូមិសាស្រ្តក្រុងប៉ោយប៉ែត ជាពិសេសប្រជាពលរដ្ឋដែលរស់នៅតាមបណ្ដោយមាត់អូរព្រំដែនកម្ពុជា-ថៃ មេត្តាមានការប្រុងប្រយ័ត្នខ្ពស់បំផុត ចៀសវាងនូវគ្រោះថ្នាក់ផ្សេងៗដែលអាចកើតឡើងជាយថាហេតុ។
No comments