ពលរដ្ឋចំនួន៤៩នាក់រស់នៅស្រុកមង្គលបូរី សង្ស័យមានជំងឺគ្រុនឈីក ត្រូវមន្រ្តីជំនាញខេត្តបញ្ជូនមកព្យាបាលភ្លាមៗ,,,,
ខេត្តបន្ទាយមានជ័យ ៖ មន្រ្តីជំនាញក្រសួងសុខាភិបាលខេត្តបន្ទាយមានជ័យបានបញ្ជូនមនុស្សយ៉ាងហោចណាស់មានប្រជាពលរដ្ឋទាំងចាស់ទាំងក្មេងចំនួន ៤៩នាក់ រស់នៅភូមិអូរស្ងួត ឃុំអូរប្រាសាទ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ទៅកាន់មន្ទីរបង្អែកស្រុកមង្គលបុរីដើម្បីសង្គ្រោះនាល្ងាចថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២០ម្សិលមិញនេះ ព្រោះសង្ស័យថាមានជំងឺគ្រុនឈីក ។
ប្រធានមន្ទីសុខាភិបាលខេត្តបន្ទាយមានជ័យ លោកវេជ្ជបណ្ឌិត ឡេ ចានសង្វាត បានឲ្យដឹងនៅថ្ងៃទី៨ ខែកញ្ញានេះថា ក្រុមគ្រូពេទ្យឆ្លើយតបបន្ទាន់របស់ RRT បានសហការជាមួយស្រុកប្រតិបត្តិមង្គលបូរី បានចុះស្រាវជ្រាវនិងអន្តរាគមន៍បន្ទាន់ បន្ទាប់ពីទទួលបានព័ត៌មានបឋមអំពីករណីមានអ្នកសង្ស័យកើតជំងឺគ្រុនឈីកនៅភូមិអូរស្ងួត។
ប្រធានមន្ទីសុខាភិបាលរូបនេះ បានបញ្ជាក់ទៀតថា រោគសញ្ញាសំខាន់ៗដែលរកឃើញមានគ្រុនក្តៅពី ៣៩–៤០អង្សាសេ មានឈឺសន្លាក់ដៃជើង ឈឺសាច់ដុំ ចេញកន្ទួលក្រហមលើស្បែក វិលមុខ ក្អួតចង្អោរជាដើមសរុបចំនួនអ្នកសង្ស័យកើតជំងឺគ្រុនឈីកនេះមានចំនួន៤៩នាក់ស្រី២៧នាក់កុមារ៣៥នាក់ ក្នុងនោះបានបញ្ជូនទៅមន្ទីរពេទ្យខេត្តមង្គលបុរីចំនួន២៣នាក់ ស្រី ១៣នាក់ ក្នុងនោះមានកុមារា ៨នាក់កុមារី៧នាក់។ចំណែកឯក្រុមគ្រូពេទ្យវិញ បានបូម ឈាមចំនួន ២៣នាក់ កុមារ១៥នាក់ដើម្បីបញ្ជូនមកធ្វើតេស្តស្រាវជ្រាវរកមើលមេរោគគ្រុនឈីក នេះនៅវិទ្យាស្ថានប៉ាស្ទ័រ រាជធានីភ្នំពេញបន្តទៀត។ លោកវេជ្ជបណ្ឌិត ឡេ ចានសង្វាត បន្ថែមទៀតថា ចំពោះអ្នកផ្សេងទៀតមានសភាព ធូរស្រាលហើយបន្តការតាមដានទៀត។
គួរបញ្ជាក់ថា បច្ចុប្បន្នក្រុមគ្រូពេទ្យ បានធ្វើការអន្តរាគមន៍បន្ទាន់អប់រំពីជំងឺគ្រុនឈីក ការបង្ការ និងការលុបបំបាត់ភ្នាក់ងារចម្លងបានបាញ់ថ្នាំមូស តែខ្វះអាបែត សំណូមពរដាក់អាបែត បន្តតាមដានករណីបន្ថែម និងតាមដាសុខភាពអ្នកសម្រាកពេទ្យ បើមានជំងឺគ្រុនឈីកនេះ ត្រូវរាយយការណ៍ជាបន្តបន្ទាប់អំពីការវិវត្តន៍ថ្មីៗជូនថ្នាក់ដឹកនាំបន្ត៕
No comments