ឧត្ដមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការខេត្តកណ្តាលបាននាំយកអាវភ្លៀងជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្ដម នាយឧត្ដមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ នឹងដាក់បទបញ្ជាឱ្យមន្ត្រីនគរបាលស្រុកកៀនស្វាយ បម្រេីសេវាសន្តិសុខដល់ប្រជាពលរដ្ឋ,,,,
ខេត្តកណ្ដាល ៖ លោកឧត្ដមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាលបាននាំយកអាវភ្លៀងជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្ដម នាយឧត្ដមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងនាំម៉ូតូ ព្រមទាំងថវិការដ្ឋបាលស្រុក ក៏ដូចជាថវិកាសប្បុរសជន ជូនកងកម្លាំងនៅអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ នារសៀលថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២០នេះ បានថ្លែងទៅកាន់ កងកម្លាំង នគរបាលចំណុះអធិការដ្ឋាន និងតាមបណ្ដាប៉ុស្តិ៍ទាំង៨ ស្មេីនឹងកម្លាំងសរុប១២៩នាក់ ថា ក្នុងនាមកងកម្លាំងត្រូវបម្រេីសេវាសាធារណៈ និងរក្សាសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋ ដោយពុំគិតពីពេលវេលា។
ជាពិសេស ត្រូវអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាពឱ្យបានសម្រេចប្រកបដោយប្រសិទ្ធភាពខ្ពស់។
ក្នុងគ្រាជួបសំណេះសំណាលនេះដែរ លោកស្នងការបានសំដែងនូវសេចក្ដីរីករាយដែលបានជួបសួរសុខទុក្ខ និងថ្លែងអំណរគុណដោយស្មោះចំពោះស្មារតីទទួលខុសក្នុងតួនាទីភារកិច្ចរក្សាសន្តិសុខសណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋកន្លងទៅ។
ជាពិសេស ដែលកងកម្លាំងទាំងអស់បានលះបង់ទាំងកម្លាំងកាយចិត្តពេលវេលាពីគ្រួសារ បង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋបានដេីរកម្សាន្តនាឱកាសឈប់សម្រាកសងចូលឆ្នាំ និងចូលរួមធ្វេីបុណ្យធ្វេីទានក្នុងពិធីកាន់បិណ្ឌនិងភ្ជុំបិណ្ឌប្រកបដោយសេចក្ដីជ្រះថ្លា ផ្សារភ្ជាប់នឹងសន្តិសុខយ៉ាងល្អប្រសេីរ។
ទន្ទឹមនឹងការនាំយកអំណោយនេះដែរ លោកឧត្ដមសេនីយ៍ទោស្នងការ ក៏បានផ្ដាំផ្ញេីអនុសាសន៍ពីសំណាក់ ឯកឧត្ដម នាយឧត្ដមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ដោយជំរុញឱ្យកងកម្លាំងទាំងអស់ ត្រូវប្ដេជ្ញាការពារសន្តិភាព ស្ថេរភាពសង្គម និងការពាររាជរដ្ឋាភិបាលស្របច្បាប់។
ចំពោះបញ្ហាកូវីដ១៩ តាមរយៈលោកស្នងការ ឯកឧត្ដម នាយឧត្ដមសេនីយ៍ អគ្គស្នងការ ផ្ដាំឱ្យកងកម្លាំងកុំភ្លេចការពារខ្លួនពីកូវីដ១៩ ដោយអនុវត្តតាមវិធានណែនាំរបស់ក្រសួងសុខាភិបាល។
កងកម្លាំងនគរបាលចំណុះអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ បានប្ដេជ្ញាគោរពអនុវត្តតាមអនុសាសន៍ផ្ដាំផ្ញេីរបស់ឯកឧត្តម នាយឧត្ដមសេនីយ៍ សន្តិបណ្ឌិត អគ្គស្នងការ និងបទបញ្ជារបស់លោកស្នងការក្នុងស្មារតីម៉ឺងម៉ាត់ជាកងកម្លាំង។
ក្រៅពីអាវភ្លៀងដែលជាអំណោយឯកឧត្ដម នាយឧត្ដមសេនីយ៍សន្ដិបណ្ឌិត អគ្គស្នងការនគរបាលជាតិ លោកស្នងការ ក៏បានប្រកាសផ្ដល់ម៉ូតូប្រដេញក្នុងមួយអធិការដ្ឋានចំនួន៥គ្រឿង ថវិការមួយចំនួនពីលោកអភិបាលស្រុក និងសប្បុរសជនមួយចំនួនទៀត។
No comments