ក្រសួងសុខាភិបាលប្រកាសរកឃេីញការផ្ទុះឡើង នៃជំងឺឈីកគន់ហ្គន់យ៉ានៅខេត្តបន្ទាយមានជ័យ,,,
ខេត្តបន្ទាយមានជ័យ ៖ មន្ត្រីក្រសួង សុខាភិបាលនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០បានចេញសេចក្តីជូនព័ត៌មានពី ការផ្ទុះឡើងនៃជំងឺឈីកគន់ហ្គន់យ៉ា (Chikungunya) ហៅកាត់ថា ឈីក (CHIK) ស្ថិតនៅក្នុងភូមិមួយចំនួននៃសង្កាត់ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
តាមរយៈសេចក្តីជូនដំណឹងខាងលេីបានបញ្ជាក់ថា ក្នុងពេលថ្មីៗនេះ មានការកើតចេញនូវជំងឺឈីកគន់ហ្គន់យ៉ា (Chikunngunya) ដែលហៅកាត់ថា ឈីក (CHIK) នៅក្នុងភូមិមួយចំនួននៃសង្កាត់ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ខណៈក្រុមការងារស្រាវជ្រាវរកឃេីញថា ចាប់តាំងពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២០ រហូតដល់ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២០ ប្រជាពលរដ្ឋនៅភូមិក្បាលកោះ ភូមិអូរជ្រៅ ភូមិប៉ោយប៉ែត ភូមិព្រៃគប់ ភូមិ
អូរនាង និងភូមិអូរឬស្សី នៃសង្កាត់ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មានចេញរោគសញ្ញា គ្រុនក្តៅ ៣៨អង្សាសេ កន្ទូលក្រហមលើស្បែក និងឈឺសន្លាក់ដៃជើង។
ក្រុមឆ្លើយតបបន្ទាន់របស់ក្រសួងសុខាភិបាល មន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យ កម្មវិធីជាតិផ្តល់ថ្នាំបង្ការក្រុមគ្រូពេទ្យមណ្ឌលសុខភាព និងមន្ទីរពេទ្យប៉ោយប៉ែត សហការជាមួយអាជ្ញាធរមូលដ្ឋាន បានចុះស្រាវជ្រាវអង្កេតទៅដល់ភូមិទាំង ០៦ខាងលើនេះ និងផ្ទះប្រជាពលរដ្ឋដែលមានបញ្ហា ដើម្បីពិនិត្យស្ថានភាពសុខភាព ជាក់ស្តែង បានចំនួន ១៦៨នាក់ (ស្រី ៩៥នាក់) និងបានបញ្ជូនបុគ្គលដែលមានបញ្ហាសុខភាព មកពិនិត្យនិងសម្រាក ព្យាបាលនៅមណ្ឌលសុខភាពប៉ោយ ប៉ែត១ និងមន្ទីរពេទ្យបង្អែកប៉ោយប៉ែត មានចំនួន៣២នាក់ (ស្រី២៣នាក់) ប៉ុន្តែបច្ចុប្បន្ន ស្ថានភាពសុខភាពរបស់ពួកគាត់ មានសភាពបានធូរស្បើយហើយ។ស្របតាមលក្ខណៈបច្ចេកទេស ក្រុមការងារ ក៏បានប្រមូលសំណាកវត្ថុវិភាគឈាម ចំនួន២២នាក់ (ស្រី ១២នាក់) ដើម្បីធ្វើតេស្តវិភាគរកមើលវីរុសគ្រុនឈីក (CHIK) និងមើលរកវីរុសកញ្ជឹល-ស្ទួច (Measles – Rubella) ចំនួន ៦០នាក់ (ស្រី ៣៧នាក់) និងយកសំណាកសម្រាប់ធ្វើតេស្តរកវីរុសកូវីដ-១៩ ចំនួន២២នាក់ (ស្រី១១នាក់) ផងដែរ។
ក្រុមការងារក្រសួងសុខាភិបាលបញ្ជាក់ថា សំណាកទាំងអស់នេះ ត្រូវបានបញ្ជូនទៅមន្ទីរពិសោធន៍វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ដែលលទ្ធផលជាបឋមចេញនៅយប់ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២០ បានបង្ហាញថា ជាករណីជំងឺគ្រុនឈីក។
គួរបញ្ជាក់ថា ជំងឺគ្រុនឈីក (CHIK) កើតឡើងដំបូងបំផុតនៅឆ្នាំ១៩៥៣ នៅទ្វីបអាហ្វ្រិក និងធ្លាប់បានរកឃើញដំបូង
នៅកម្ពុជា ដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា នៅឆ្នាំ១៩៦១ និងនៅឆ្នាំ២០១១ ក៏មានការបញ្ជាក់ពីករណីជំងឺនេះ នៅខេត្តបាត់ដំបង សៀមរាប និងព្រះវិហារដែរ ហើយជំងឺគ្រុនឈីក ធ្លាប់មានអត្រាឆ្លងរោគខ្ពស់រហូតដល់ ៦០-៧០%
ក្នុងប្រទេសកម្ពុជានាទសវត្សរ៍ទី៦០ ហើយមានការរាតត្បាតខ្លាំងផងដែរនៅក្នុងឆ្នាំ២០១១-២០១២ នៅខេត្តព្រះ
វិហារ ខេត្តកំពង់ស្ពឺ រាជធានីភ្នំពេញ ខេត្តកំពង់ចាម ខេត្តតាកែវ ខេត្តរតនគិរី ខេត្តស្ទឹងត្រែង ខេត្តកំពង់ធំ ខេត្តកណ្ដាល និង ខេត្តកែប ៕
សូមអានខ្លឹមសារទាំងស្រុងដូចខាងក្រោមនេះ ៖
No comments