សមាគមសម្ព័ន្ធយុវជនខ្មែរដើម្បីប្រជាធិបតេយ្យចូលរួមអបអរសាទរ ៧មករា ឆ្នាំ១៩៧៩ គឺជាថ្ងៃជ័យជម្នះជាប្រវត្តិសាស្រ្តរបស់ប្រជាជនកម្ពុជា ដែលបានវាយផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត!!!
ភ្នំពេញ៖ថ្ងៃអង្គារ ៩កើត ខែបុស្ស ឆ្នាំរោងឆស័ក ពុទ្ធសករាជ ២៥៦៨ត្រូវនឹងថ្ងៃទី៧ ខែមករា ឆ្នាំ២០២៥ សមាគមសម្ព័ន្ធយុវជនខ្មែរដើម្បីប្រជាធិបតេយ្យចូលរួមអបអរសាទរ ៧មករា ឆ្នាំ១៩៧៩ គឺជាថ្ងៃជ័យជម្នះជាប្រវត្តិសាស្រ្តរបស់ប្រជាជនកម្ពុជា ដែលបានវាយផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និងប្រារព្ធពិធីសូត្រមន្ត បង្សុកូល សម្តែងធម្មទេសនា ឧទ្ទិសកុសលជូន យុទ្ធជន យុទ្ធនារី ព្រះសង្ឃ ប្រជាជនខ្មែរជាង៣លាននាក់ ដែលត្រូវបានសម្លាប់យ៉ាងរង្គាលក្នុងរបបប្រល័យពូជសាសន៍ ថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ប៉ុលពតស្ថិតក្នុងត្រពាំងថ្លឹង៣ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
សមាគមសម្ព័ន្ធយុវជនខ្មែរដើម្បីប្រជាធិបតេយ្យព្រមទាំងថ្នាក់ដឹកនាំនិងសមាជិកសមាជិកានិងលោកយាយ លោកតា បងប្អូនប្រជាពលរដ្ឋជាង១០០ នាក់បានចូលរួមក្នុងពិធីអបអរសាទរខួបលើកទី៤៦ នៃទិវាជ័យជម្នះ ៧ មករា ( ១៩៧៩ - ២០២៥) ជាថ្ងៃរំដោះ និងសង្រ្គោះប្រទេសជាតិបានរួចផុតពីរបបប្រល័យពូជសាសន៍ ប៉ុល ពត។ ៧ មករា គឺជាកំណើតទី២ នៃពលរដ្ឋខ្មែរ និងជាដើមកំណើតនៃសន្តិភាពពិតប្រាកដសម្រាប់កម្ពុជាទាំងមូល។ក្នុងពិធីនោះដែរលោក សុង សារិទ្ធ ប្រធានសមាគមសម្ព័ន្ធយុវជនខ្មែរដើម្បីប្រជាធិបតេយ្យបាននិមន្តព្រះសង្ឃ៧អង្គ សូត្រមន្ត បង្សុកូល សម្តែងធម្មទេសនា ឧទ្ទិសកុសលជូន យុទ្ធជន យុទ្ធនារី ព្រះសង្ឃ ប្រជាជនខ្មែរជាង៣លាននាក់ ដែលត្រូវបានសម្លាប់យ៉ាងរង្គាលក្នុងរបបប្រល័យពូជសាសន៍។
លោកប្រធានបានមានប្រសាសន៍ថាដោយសារតែមានថ្ងៃ ៧មករានេះហើយ គឺជាថ្ងៃជ័យជម្នះជាប្រវត្តិសាស្រ្តរបស់ប្រជាជនកម្ពុជា ដែលបានវាយផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត បញ្ចប់សម័យកាលដ៏ខ្មៅងងឹតបំផុតនៅកម្ពុជា ដែលបានកាប់សម្លាប់ និងធ្វើឲ្យប្រជាពលរដ្ឋខ្មែរស្លាប់ជិត ៣លាននាក់។ថ្ងៃនេះគឺជាថ្ងៃខួបទី៤៦ ថ្ងៃ៧ មករា ១៩៧៩ -៧ មករា ២០២៥ គឺជាបើកឡើងវិញនូវទំព័រសករាជថ្មីនៃឯករាជ្យ សេរីភាព ប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គម។
ក្នុងឱកាសដែរលោកប្រធានបានចាក់ស្លាយវីដេអូប្រវត្តិតស៊ូ និងការលះបង់ទាំងអាយុជីវិតទាំងពេលវេលាដ៏ខ្ពង់ខ្ពស់ពីសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជានិងជាប្រធានឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ឱ្យបងប្អូនប្រជាពលរដ្ឋបានទស្សនា បានបង្ហាញនូវស្មារតីចងចាំជានិច្ចនូវគុណូបការៈដ៏ឧត្តង្គឧត្តមរបស់វីរកម្មាភិបាល យុទ្ធជន យុទ្ធនារី នៃរណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា និងវិរកងទ័ពស្ម័គ្រចិត្តវៀតណាម ដែលបានធ្វើការលះបង់យ៉ាងធំធេងក្នុងការប្រយុទ្ធ ដើម្បីផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និងការពារការរស់ឡើងវិញរបស់កម្ពុជា។
ក្រោយពេលបញ្ចប់សង្រ្គាមទាំងស្រុងនាពេលនោះ គឺបានផ្តល់ឱកាសពេញលេញដល់កម្ពុជាកសាង និងអភិវឌ្ឍន៍ប្រទេសមានការចម្រើនលូតលាស់ជាបន្តបន្ទាប់។ នៅក្រោមម្លប់សន្តិភាព សេដ្ឋកិច្ចកម្ពុជា កាន់តែរីកលូតលាស់ ក្នុងនោះគឺទំហំពាណិជ្ជកម្ម និងទំហំវិនិយោគពីបរទេសកាន់តែច្រើនឡើង ដែលធ្វើអោយកម្ពុជាអាចរក្សាកំណើនសេដ្ឋកិច្ច សមិទ្ធផលជាតិជាច្រើនត្រូវកើតឡើងនៅក្នុងរយៈពេល ប៉ុន្មានឆ្នាំចុងក្រោយនេះ។
បច្ចុប្បន្នកម្ពុជាបានរើខ្លួនចេញរួចផុតពីប្រទេសក្រីក្រ ប្រទេសគ្មានអ្វីសោះ មកជាប្រទេសមានចំណូលមធ្យមកម្រិតទាប ព្រមទាំងកំពុងប្រឹងប្រែងអភិវឌ្ឍន៍ឲ្យក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងក្លាយជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។
ជាចុងក្រោយថ្នាក់ដឹកនាំសមាគមសម្ព័ន្ធយុវជនខ្មែរដើម្បីប្រជាធិបតេយ្យព្រមទាំងសមាជិក សមាជិកាទាំងអស់និងព្រះសង្ឃ យាយជី លោកយាយ-លោកតាពុកម៉ែបងប្អូនទាំងអស់គ្នាសូមលំឱនកាយ សង្រួមចិត្ត គោរពដល់ដួងវិញ្ញាណក្ខ័ន្ធជនរួមជាតិជាង៣លាននាក់ ដែលបានបាត់បង់ជីវិតទៅយ៉ាងអណោចអធម និងអយុត្តិធម៌បំផុតក្នុងរបបដ៏ឃោរឃៅនេះ និងសូមឧទ្ទិសបួងសួងសូមឱ្យដួងវិញ្ញាណក្ខ័ន្ធរបស់លោកអ្នកទាំង អស់បានទៅកាន់សុគតិភពជារៀងរហូត។
No comments