សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

មេប៉ុស្តិ៍អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិក្អមសំណ លើកឡើងថា អ្នកសារព័ត៌មាន ឬពលរដ្ឋរូបណាហ៊ានថតរូបបទល្មើស និងត្រូវនាំខ្លួនមកធ្វើកិច្ចសន្យា_វគ្គ២

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍

ខេត្តកណ្តាល៖មេប៉ុស្តិ៍ប៉ូលិសប្រចាំច្រកទ្វារអន្តរជាតិព្រំដែនកម្ពុជារៀតណាមក្អមសំណ ស្រុកលើកដែក ខេត្តកណ្តាល លោក រឹម លឹមសេង បានលើកឡើងនៅមុខអ្នកសារព័ត៌មាន ថា បើប្រជាពលរដ្ឋ និងអ្នកសារព័ត៌មានរូបណា ហ៊ានថតផ្តិតរូបភាពបទល្មើសដែលមាននៅក្នុងដែនសមត្ថកិច្ចរបស់លោក និងត្រូវធ្វើការនាំខ្លួនយកមកប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិក្អមសំណ ដើម្បីធ្វើកិច្ចសន្យា។

កាលលើកឡើងនេះ ធ្វើបន្ទាប់ពីក្រុមការងារ សមាគមសម្ព័ន្ធយុវជនសារព័ត៌មានដើម្បីសន្តិភាព ធ្វើលិខិតស្នើសុំការបំភ្លឺជាផ្លូវការ ជុំវិញទៅលើករណីកម្លាំងសមត្ថកិច្ចអន្តោប្រវេសន៍ ឃាត់ខ្លួនអ្នកសារព័ត៌មាន និងបង្ខំឲ្យផ្តិតមេដៃ លើលិខិតកិច្ចសន្យា ដើម្បីជាថ្នូរមិនឲ្យបញ្ចេញនូវរូបភាព ថែមទាំងបង្កឲ្យខូចខាតទ្រព្យសម្បត្តិ បែកទូរស័ព្ទ កាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៣ កន្លងទៅថ្មីៗនេះ។

ក្នុងហេតុការណ៍ ឃាត់ខ្លួនអ្នកសារព័ត៌មាន និងបានបង្ខំឲ្យផ្តិតមេ ពីសំណាក់សមត្ថកិច្ចអន្តោប្រវេសន៍ច្រកក្អមសំណ ខាងលើនេះ លោក រឹម លឹមសេង តួនាទីជាមេប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិក្អមសំណ បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មាន នៅក្នុងថ្ងៃទី២០ ខែកុម្ភៈ តាមលិខិតសុំការបំភ្លឺនេះថា ករណីនេះ គឺលោកជាអ្នកចេញបទបញ្ជាផ្ទាល់ទៅកម្លាំងក្រោមឱវាទឲ្យចុះធ្វើការរឿងនេះ។

លោក រឹម លឹមសេង មេប៉ុស្តិ៍រូបនេះ ក៏បានឆ្លើយបដិសេធ ដែរថា ករណីខាងលើនេះគឺមិនមែនជាការចាប់ខ្លួនឬឃាត់ខ្លួននោះទេ គឺជាការអញ្ជើញ គឺអញ្ជើញយកមកសួរនាំ និងធ្វើកិច្ចសន្យា ព្រោះតែអ្នកសារព័ត៌មានរូបនោះហ៊ានមកថតរូបភាពក្រុមបទល្មើសក្នុងដែនសមត្ថកិច្ចរបស់លោក ដោយមិនបានសុំសិទ្ធិអនុញ្ញាតពីលោកជាមុន ទើបលោកចេញបទបញ្ជាឲ្យកូនចៅធ្វើការអញ្ជើញ អ្នកសារព័ត៌មានរូបនោះ មកស្នាក់ការប៉ុស្តិ៍ (ពោលគឺអញ្ជើញដោយមិនចាំបាច់ធ្វើលិខិតអញ្ជើញ ព្រោះតែអ្នកសារព័ត៌មានរូបនោះមិនមែនជាថ្នាក់ប្រតិភូអីនោះទេ ទោះសាមីខ្លួនមិនព្រមមកក៏ត្រូវតែអញ្ជើញមកឲ្យបាន)។

លោកមេប៉ុស្តិ៍ដដែលរូបនោះ ក៏បានបដិសេធដែរថា កម្លាំងសមត្ថកិច្ចរបស់លោកមិនបានធ្វើឲ្យបែកទូរស័ព្ទរបស់អ្នកសារព័ត៌មាននោះទេ គឺទូរស័ព្ទអ្នកសារព័ត៌មានរូបនោះ បែកស្រាប់ដោយខ្លួនឯង ចំណែកឯកិច្ចសន្យាក៏លោកមិនបង្ខំឲ្យផ្តិតមេដៃនោះដែរ គឺអ្នកសារព័ត៌មានរូបនោះស្ម័គ្រចិត្តផ្តិតដោយខ្លួនឯងតែប៉ុណ្ណោះ។

ទោះបីជាលោក រឹម លឹមសេង មេប៉ុស្តិ៍រូបនេះព្យាយាម បដិសេធយ៉ាងណាក្តី ក៏អ្នកសារព័ត៌មានដែលរង់នៅហេតុការណ៍ខាងលើនេះ នៅតែបន្តអះអាងថាខ្លួនពិតជាត្រូវបានកម្លាំងសមត្ថកិច្ចអន្តោប្រវេសន៍ មានគ្នាប្រមាណ១១នាក់ ព័ទ្ធចាប់ខ្លួនដោយប្រើកម្លាំងបាយស្ទាក់ចាប់ដកសោរម៉ូតូ និងបង្គាប់ឲ្យទៅប៉ុស្តិ៍បង្ខំឲ្យធ្វើការផ្តិតមេដៃលើលិខិតកិច្ចសន្យាពិតប្រាកដមែន បើទោះបីជាពេលនោះលោកបានបដិសេធថាមិនព្រមទៅ និងសួររកហេតុផលជុំវិញការឃាត់ខ្លួនរបស់លោកជាអ្នកសារព័ត៌មាន តើខ្ញុំបានខុសអីបានជាមកឃាត់ខ្ញុំ តែកម្លាំងសមត្ថកិច្ចអន្តោប្រវេសន៍ទាំងនោះនៅតែចាប់បង្ខំឲ្យទៅទាំងកំរោល ដោយមិនបានប្រាប់ហេតុផល។

អ្នកសារព័ត៌មាន ដែលត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលអន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិក្អមសំណ ឃាត់ខ្លួននិងធ្វើកិច្ចសន្យាផ្តិតមេដៃបានអំពាវនាវទទូចស្នើសុំឲ្យថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់គ្រប់ស្ថាប័នពាក់ព័ន្ធ មេត្តាជួយអន្តរាគមន៍ស្វែងរកយុត្តិធម៌ជូនភាពស្អាតស្អំដល់រូបគាត់ផង ជៀសវាងធ្វើឲ្យសិទ្ធិមនុស្ស និងសិទ្ធិសេរីភាពអ្នកសារព័ត៌មានកម្ពុជាធ្លាក់ចុះដោយសារតែមន្ត្រីមួយក្តាប់តូចប្រើប្រាស់សិទ្ធិអំណាចធ្វើបាបរាស្ត្រ និងបានស្នើសុំដល់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មេត្តាជួយអន្តរាគមន៍រកយុត្តិធម៌ជូនគាត់ផង ខណៈដែលរូបគាត់ជាអ្នកសារព័ត៌មានមិនបានទៅធ្វើការផ្សាយឡាយបន្តផ្ទាល់ឬបង្ហោះហ្វេសប៊ុកទេ គឺគ្រាន់តែថតផ្តិតរូបភាពឈ្មួញដឹកជញ្ជូនបារីតាមម៉ូតូ និងបានពាំនាំដំណឹងរាយការណ៍ជូនទៅសមត្ថកិច្ចគយ ដែលប្រចាំការនៅក្នុងតំបន់ដើម្បីឲ្យពិនិត្យនិងមានវិធានការទប់ស្កាត់តែប៉ុណ្ណោះ ដោយរូបខ្ញុំជាអ្នកសារព័ត៌មានមិនបានធ្វើអ្វីឲ្យលើសខ្សែបន្ទាត់ក្រហមនោះទេ មិនគួរណាប្រធានប៉ុស្តិ៍អន្តោប្រវេសន៍ប្រើសិទ្ធិអំណាចរបស់ខ្លួនបញ្ជាឲ្យកូនចៅមកចាប់ខ្លួនខ្ញុំជាអ្នកសារព័ត៌មានទាំងបំពាន ថែមទាំងបង្កឲ្យមានការខូចខាតទ្រព្យសម្បត្តិរបស់ខ្ញុំ (បែកទូរស័ព្ទ)។

សូមបញ្ជាក់ថា៖ កាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៣ មានករណីអ្នកសារព័ត៌មាន ម្នាក់ បានថតជាប់រូបភាព និងសកម្មភាពក្រុមឈ្មួញដឹកជញ្ជូនទំនិញបារីគេចពន្ធតាមម៉ូតូ និងបានរាយការណ៍ជូនមន្ត្រីគយប្រចាំតំបន់ដើម្បីឲ្យមានវិធានការទប់ស្កាត់ តែពេលនោះមិនឃើញមានវិធានការទប់ស្កាត់ចំពោះឈ្មួញដែលដឹកជញ្ជូនបារីនោះទេ ស្រាប់តែមួយសន្ទុះបែរជាមានកម្លាំងសមត្ថកិច្ចនគរបាលច្រកទ្វារព្រំដែនអន្តរជាតិក្អមសំណ មានគ្នាជាង១០នាក់មកធ្វើការឃាត់ខ្លួនអ្នកសារព័ត៌មានរូបនោះទៅកាន់ស្នាក់ការប៉ុស្តិ៍ និងបានបង្ខំឲ្យផ្តិតមេដៃ ថែមទាំងឲ្យមានការខូចខាតទ្រព្យសម្បត្តិ បែកទូរស័ព្ទដៃ១គ្រឿង។




No comments