នាយឧត្តមសេនីយ៍ ឈន សារ៉ាណេ «ប្តេជ្ញាចិត្តអភិវឌ្ឍវិស័យកីឡារបស់កងកម្លាំងនគរបាលជាតិឱ្យទទួលបានជោគជ័យ និងរីកចម្រើនបន្ថែមទៀត»
ភ្នំពេញ៖ ឯកឧត្តមនាយឧត្តមសេនីយ៍ ឈន សារ៉ាណេ អគ្គនាយករង នៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុក្រសួងមហាផ្ទៃ ត្រូវបន្តដឹកនាំក្លិបបាល់ទាត់អគ្គស្នងការនគរបាលជាតិ ជំនួសលោកឧត្តមសេនីយ៍ទោ ជួន ណារិន ស្នងការនគរបាលខេត្តព្រះសីហនុបាន «បង្ហាញការប្តេជ្ញាចិត្តខ្ពស់ក្នុងការអភិវឌ្ឍវិស័យកីឡារបស់កងកម្លាំងនគរបាលជាតិឱ្យទទួលបានជោគជ័យ និងរីកចម្រើនបន្ថែមទៀត»។
ការប្ដេជ្ញាចិត្តដ៏មុតមាំរបស់ឯកឧត្តមនាយឧត្តមសេនីយ៍ ឈន សារ៉ាណេ ធ្វើឡើងនារសៀលថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣ក្នុងកិច្ចប្រជុំស្តីពី ការរៀបចំកែសម្រួលសមាសភាពថ្នាក់ដឹកនាំ សមាគមកីឡាបាល់ទាត់ក្រសួងមហាផ្ទៃ ក្រោមអធិបតីភាពឯកឧត្តម សរ សិទ្ធិ អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ ទទួលជួយការងារដឹកនាំ អគ្គលេខាធិការដ្ឋាន នៃក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ។
នាឱកាសនោះ ឯកឧត្តម ឈន សារ៉ាណេ ប្រធានសមាគមកីឡាបាល់ទាត់ក្រសួងមហាផ្ទៃបានប្រកាស«កសាងតារាងបាល់ទាត់ដែលមានទំហំ ៦៨ម៉ែត្រ គុណនឹង ១០៥ម៉ែត្រ ដើម្បីបង្កលក្ខណៈងាយស្រួលដល់គ្រូបង្វិក និងកីឡាករធ្វើការហ្វឹកហាត់ឲ្យបានស្ទាត់ជំនាញ»។
ឯកឧត្តមបានបន្តទៀតថា មនុស្សខ្លាំងគឺមនុស្សដែលទទួលកំហុសរបស់ខ្លួនដែលមាន ដោយកាត់បន្ថយចំណុចខ្សោយដែលខ្លួនមានអតិបរមាមកត្រឹមអប្បបរិមា។ ឯកឧត្តមបន្តទៀតថា គ្មានការងារអស្ចារ្យណាសម្រេចបាន ដោយគ្មានមនុស្សអស្ចារ្យនោះទេ។
ឯកឧត្តម ឈន សារ៉ាណេ សង្ឃឹមយ៉ាងមុតមាំថា កីឡាករក្លឹបបាល់ទាត់នគរបាលជាតិនៃក្រសួងមហាផ្ទៃគឺគ្មានការលក់ជើងនិងមិនទទួលប្រាក់សំណូកសូកប៉ាន់ពីបុគ្គលណាម្នាក់ឡើយនិងសំនូមពរឱ្យកីឡាករប្រឹងប្រែងហ្វឹកហាត់ខ្ពស់និងយកចិត្តទុកដាក់ឲ្យបានខ្លាំងខ្លាបំផុត។
ជាមួយគ្នានោះ ឯកឧត្តម សរ សិទ្ធិ អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធិផលនានា ដែលក្លិបអគ្គស្នងការនគរបាលជាតិ សម្រេចបានជាង១១ឆ្នាំកន្លងមកនេះ ក្រោមការដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ជួន ណារិន។ សមិទ្ធផលទាំងអស់នេះហើយ គឺពិតជាបង្ហាញឱ្យឃើញពីការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំក្លិបកន្លងមក ក្រោមការចង្អុលបង្ហាញ ណែនាំ និងយកចិត្តទុកដាក់ ដ៏ខ្ពង់ខ្ពស់ ពីសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ។
ឯកឧត្តមក៏បានណែនាំដល់គ្រូបង្វឹក កីឡាករបាល់ទាត់ក្លិបអគ្គស្នងការនគរបាលជាតិទាំងអស់ ត្រូវបន្តស្មារតីរួបរួមសាមគ្គីជាធ្លុងមួយ ជាពិសេស ត្រូវប្រកាន់ខ្ជាប់នូវវិន័យ សីលធម៌ វិជ្ជាជីវៈរបស់ខ្លួន និងត្រូវបន្តពង្រឹងសមត្ថភាពបច្ចេកទេស និងបង្កើនការហ្វឹកហាត់ឱ្យកាន់តែខ្លាំងខ្លាថែមទៀត៕
No comments