សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

កងរាជអាវុធហត្ថ​លើផ្ទៃប្រទេសចេញសេចក្តីប្រកាសព័ត៌មាននិងបង្ហាញទិដ្ឋភាពច្បាប់ ក្រោយមានបណ្ដាញសារព័ត៌មានផ្សាយថា «បែកធ្លាយ រឿងចម្លែកនៅក្រុងប៉ោយប៉ែត, កិច្ចសន្យាខ្ចីប្រាក់ប្រែក្លាយជាករណី ឆបោក និងក្លែងឯកសារ ព្រោះចង់លេបផ្ទះកូនបំណុល»!!!

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍


ភ្នំពេញ៖ នៅព្រឹកថ្ងៃសុក្រទី០២ ខែធ្នូ ឆ្នាំ២០២២នេះ កងរាជអាវុធហត្ថលើផ្ទៃប្រទេសបានចេញសេចក្តីប្រកាសព័ត៌មាននិងបង្ហាញទិដ្ឋភាពច្បាប់ក្នុងក្រមនីតិវិធីព្រហ្មទណ្ឌមាត្រា១១១បានចែងថា «កាលណាបានដឹងពីអំពើដែលអាចជាបទឧក្រិដ្ឋ ឬបទមជ្ឈិម ឬបទលហុ មន្ត្រីនគរបាលយុត្តិធម៌អាចធ្វើការស៊ើបអង្កេតបឋមដោយឯកឯង ឬតាមការសុំរបស់ព្រះរាជអាជ្ញា» អនុលោមតាមដីកាសម្រេចឱ្យបើកការស៊ើបអង្កេតបឋមរបស់អយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ លេខៈ ១៣៦១ អយ.ក ចុះថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២។

នៅក្នុងសេចក្តីប្រកាសព័ត៌មានបានឲ្យដឹងថា យោងតាមសេចក្តីរាយការណ៍របស់លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ក្រោយពីទទួលពាក្យបណ្តឹង មន្ត្រីនគរបាលយុត្តិធម៌បានចាប់ផ្ដើមអនុវត្តនីតិវិធីជាបន្តបន្ទាប់ និងបានរាយការណ៍ជូនតំណាងអយ្យការអមសាលាដំបូងខេត្ត ដើម្បីចំណាត់ការបន្ត។ ក្រោយពីទទួលបានដីកាសម្រេចឱ្យបើកការស៊ើបអង្កេតបឋម មន្ត្រីនគរបាលយុត្តិធម៌ នៃមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ធ្វើការកោះហៅឈ្មោះ ទុយ ម៉េងលី ឱ្យចូលមកបំភ្លឺនៅវេលាម៉ោង១៤និង០០នាទី ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២ សាមីខ្លួនបានផ្តិតម្រាមដៃទទួល ប៉ុន្តែពុំបានចូលបំភ្លឺតាមការកោះហៅនោះទេ។ មន្ត្រីនគរបាលយុត្តិធម៌បានធ្វើការកោះហៅលើកទី២ បុគ្គលខាងលើនេះ មិនបានចូលមកបំភ្លឺតាមការកោះហៅរបស់នគរបាលយុត្តិធម៌នៃកងរាជអាវុធហត្ថឡើយ។

នៅក្នុងសេចក្តីប្រកាសព័ត៌មានដដែលអ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេសបានជម្រាបជូនសាធារណជន អ្នកសារព័ត៌មាន និងបុគ្គលឈ្មោះ ទុយ ម៉េងលី ឲ្យដឹងថា៖

*១-មន្ត្រីនគរបាលយុត្តិធម៌ កងរាជអាវុធហត្ថក្រុងប៉ោយប៉ែត អនុវត្តត្រឹមត្រូវតាមនីតិវិធីដូចមានចែងក្នុងមាត្រា១១៤ “ការបញ្ជាឱ្យចូលខ្លួន ការស៊ើបអង្កេតបឋម” ក្រមនីតិវិធីព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា។

*២-បុគ្គលឈ្មោះ ទុយ ម៉េងលី មានសិទ្ធិប្តឹងតវ៉ាតាមផ្លូវច្បាប់គ្រប់ដំណាក់កាលរឿងក្តីដូចបញ្ញត្តិក្នុងក្រមនីតិវិធីព្រហ្មទណ្ឌ។ ប្រសិនបើឈ្មោះ ទុយ ម៉េងលី មិនបានប្រព្រឹត្តអំពើឆបោក ឬក្លែងឯកសារទេ សូមចូលបំភ្លឺតាមការកោះហៅ បង្ហាញពីការពិត និងភស្តុតាងដែលខ្លួនមាន។

*៣-ក្នុងករណីរឹងទទឹងមិនចូលមកបង្ហាញខ្លួនតាមកោះហៅ មន្ត្រីនគរបាលយុត្តិធម៌ជូនដំណឹងដល់ព្រះរាជអាជ្ញាដែលអាចចេញបញ្ហាឱ្យចូលខ្លួន។ បញ្ជាឱ្យចូលខ្លួន អនុញ្ញាតឱ្យមន្ត្រីនគរបាលយុត្តិធម៌ប្រើប្រាស់កម្លាំងសាធារណៈ ដើម្បីបង្ខំបុគ្គលឈ្មោះ ទុយ ម៉េងលី ឱ្យចូលបង្ហាញខ្លួន។

គួរជម្រាបជូនថា ការចេញសេចក្តីប្រកាសព័ត៌មានរបស់កងរាជអាវុធហត្ថលើផ្ទៃប្រទេសនៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២២នេះ ក្រោយពីបានឃើញបណ្ដាញសារព័ត៌មានសង្គមមួយចំនួនធ្វើការផ្សព្វផ្សាយនូវព័ត៌មានពាក់ព័ន្ធនឹងការអនុវត្តនីតិវិធីតាមផ្លូវតុលាការរបស់មន្ត្រីនគរបាលយុត្តិធម៌ នៃកងរាជអាវុធហត្ថថា បែកធ្លាយ រឿងចម្លែកនៅក្រុងប៉ោយប៉ែត, កិច្ចសន្យាខ្ចីប្រាក់ប្រែក្លាយជាករណី ឆបោក និងក្លែងឯកសារ ព្រោះចង់លេបផ្ទះកូនបំណុល៕







No comments