ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាលអញ្ជើញចុះពិនិត្យដល់ទីតាំងជាក់ស្តែង ក្នុងឧប្បទ្ទវហេតុលិចទូកចម្លង!!!
ខេត្តកណ្តាល៖ នៅព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២នេះ ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានអមដំណើរ ឯកឧត្តម នាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្រ្តី ទទួលបន្ទុកបេសកកម្មពិសេស ជាអនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងលោកជំទាវកិត្តិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធានទី២រដ្ឋសភា និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកលើកដែក បានចុះទៅពិនិត្យដល់ទីតាំងជាក់ស្តែង ក្នុងឧប្បទ្ទវហេតុលិចទូកចម្លងដឹកសិស្សានុសិស្សចេញពីសាលាទៅផ្ទះ ស្ថិតនៅភូមិកោះចំរើន ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល កាលពីយប់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ ។
សូមជម្រាបជូនថា ករណីលិចទូកចម្លងបណ្តាលគ្រោះថ្នាក់ដល់ជនរងគ្រោះ ភាគច្រើនជាសិស្សសាលា ចំនួន ១៣នាក់។ គិតត្រឹមម៉ោង ៣រសៀលនេះ កម្លាំងជំនាញបានជួយសង្គ្រោះ និងរុករកឃើញអ្នកនៅមានជីវិតចំនួន ០២ នាក់, អ្នកស្លាប់ចំនួន ១០ នាក់ និងបន្តស្វែងរកអ្នកបាត់ខ្លួន ចំនួន ០១ នាក់ទៀត។
ក្រុមការងារបានចូលរួមរំលែកមរណៈទុក្ខ នឲងសោកស្តាយជាទីបំផុតចំពោះគ្រួសារដែលបាត់បងសាច់ញាតិជាទីស្រលាញ់តាមខ្នងផ្ទះនីមួយៗ។
ជាមួយគ្នានេះដែរ រដ្ឋបាលខេត្ត អនុសាខាកាកបាទក្រហមកម្ពុជាខេត្ត និងក្រុមការងារបាន ចូលរួមឧបត្ថម្ភថវិកា មួយចំនួនដើម្បីចូលរួមរំលែកមរណៈទុក្ខ ដល់គ្រួសារសពនីមួយៗ ដោយក្នុង១ សព ទទួលបានថវិកា សរុប ៧៥០០ ដុល្លារ រួមមាន៖
- រដ្ឋបាលខេត្តកណ្តាល ក្នុងនាមគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត បានឧបត្ថម្ភដល់សព នូវថវិកាចំនួន ៥០០០ ដុល្លារ ក្នុង ១សព។
- អនុសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល និងក្រុមការងារ បានចូលរួមឧបត្ថម្ភថវិកាមួយចំនួនចំនួន ដើម្បីចូលរួមរំលែកមរណៈទុក្ខក្រុមគ្រួសារនិមួយៗ ដោយក្នុងមួយគ្រួសារទទួលបាន ៥០០ដុល្លារ ក្នុង ១ សព និងសម្ភារ មានដូចជា អង្ករ ៥០ គីឡូ ត្រីខ ០១កេសធំ មី ០២កេស ទឹកសុទ្ធ ០២យួរ និងម៉ាស់ ១ប្រអប់។
- លោកជំទាវកិត្តិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធានទី២ រដ្ឋសភាជាតិ និងជាតំណាងរាស្រ្តខេត្តកណ្តាល ថវិកា ចំនួន ១០០០ ដុល្លារ ក្នុ១សព។
- ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គនាយកស៊ីម៉ាក់ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកលើកដែក ថវិកាចំនួន ១០០០ ដុល្លារ ក្នុង ១ សព។
រដ្ឋបាលខេត្ត សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតជាមួយក្រុមគ្រួសារនៃសពដែលបានបាត់បង់នូវ កូនៗ និងចៅៗ ជាទីស្រលាញ់។ សូមដួងវិញ្ញណក្ខន្ធ ក្មួយៗ បានយោនយោគកំណើតក្នុងសុខគតិភព កុំបីឃ្លៀងឃ្លាតឡើយ។
No comments