អគ្គិភ័យបានលេបត្របាក់ផ្ទះប្រជាពលរដ្ឋ០២ខ្នងត្រូវខូចខាតទាំងស្រុងសង្កាត់រតនៈក្រុងបាត់ដំបង!!!
ខេត្តបាត់ដំបង៖នៅព្រឹកថ្ងៃ សៅរ៍ ១៥រោចខែ កក្តិក ឆ្នាំឆ្លូវត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី ០៤ ខែ ធ្នូ ឆ្នាំ ២០២១ វេលាម៉ោង០៩និង៤៥នាទី នៅត្រង់ចំណុចក្រុមទី១៧ភូមិរតនៈ សង្កាត់រតនៈ ក្រុង បាត់ដំបង មានករណីអគ្គិភ័យមួយបានកើតឡើង ដែលបានបណ្តាលឱ្យលំនៅដ្ឋានរបស់ប្រជាពលរដ្ឋចំនួន ០៤ខ្នងត្រូវខូចខាតដោយគ្រោះអគ្គិភ័យនេះ ក្នុងនោះលំនៅដ្ឋានចំនួន ០២ខ្នងត្រូវខូចខាតទាំងស្រុង ។
ក្នុងពេលកើតហេតុអគ្គិភ័យភ្លាមៗ លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងបានដាក់បទបញ្ជាដល់ផែនការងារអគ្គិភ័យនិងសង្រ្គោះនៃស្នងការដ្ឋាន ដែលមានលោកវរសនីយ៍ឯក ហាត ឡៃឡែស្នងការរងទទួលផែននេះ ដឹកនាំកម្លាំងក្នុងការិយាល័យអគ្គិភ័យ ដែលមានលោកវរសេនីយ៍ឯក គឹម ប៊ុនធឿន ជានាយការិយាល័យរួមគ្នាជាមួយកម្លាំងអគ្គិភ័យ នៃអធិការដ្ឋាននគរបាលស្រុកសង្កែ អាជ្ញាធរមូលដ្ឋានក្រុងបាត់ដំបង កម្លាំងនគរបាលក្រុងបាត់ដំបង ប្រជាពលរដ្ឋនៅកន្លែងកើតហេតុ ក៏ដូចជាកងកម្លាំងនគរបាលអន្តរាគមន៍ កម្លាំងនគរបាលចរាចរណ៍ផ្លូវគោក ចូលរួមគ្នាជួយពន្លត់ និងជម្លៀសយកចេញនូវទ្រព្យសម្ភារៈរបស់ជនរងគ្រោះទៅកាន់ទីសុវត្ថិភាព ។
លោកវរសេនីយ៍ឯក គឹម ប៊ុនធឿន នាយការិយាល័យនគរបាលបង្ការ ពន្លត់អគ្គិភ័យនៃស្នងការដ្ឋាននគរ បាលខេត្តបាត់ដំបងបានឱ្យដឹងថា ក្នុងសកម្មភាពពន្លត់អគ្គិភ័យនេះសត្ថកិច្ចបានប្រើប្រាស់រថយន្តអន្លត់អគ្គិភ័យចំនួន ០៤គ្រឿង និងប្រើប្រាស់ទឹករហូតចំនួន១១រថយន្តដែលមានរយៈពេលប្រមាណជិតពីរម៉ោងទើបអគ្គិភ័យនេះត្រូវបានពន្លត់អស់ទាំងស្រុង ។
លោកនាយការិយាល័យបានឱ្យដឹងទៀតថា ក្នុងគ្រោះអគ្គិភ័យនេះ មិនបានបណ្តាលឱ្យមានគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សនោះទេ គឺគ្រាន់តែខូចខាតទ្រព្យសម្បត្តិ និងលំនៅដ្ឋានចំនួន០២ខ្នងខូចខាតទាំងស្រុង រីឯមូលហេតុដែលនាំឱ្យកើតមានគ្រោះអគ្គិភ័យនេះ សមត្ថកិច្ចពុំទាន់អាចកំណត់ និងវាយតម្លៃសន្និដ្ឋានបាននៅឡើយនោះទេ គឺសមត្ថកិច្ចកំពុងបន្តធ្វើការស្រាវជ្រាវស៊ើបអង្កេតលើបញ្ហានេះ ជាបន្តទៀតនៅរសៀលនេះ ។
ក្នុងគ្រោះអគ្គិភ័យនេះ លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានសម្តែងនូវការសោកស្តាយចំពោះការខូចខាត លំនៅដ្ឋាន និងទ្រព្យសម្បត្តិ ជាមួយនេះ លោកសូមធ្វើការអំពាវនាវចំពោះប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានខេត្តបាត់ដំបង សូមមេត្តាប្រុងប្រយ័ត្នខ្ពស់ចំពោះករណីគ្រោះអគ្គិភ័យនេះ ព្រោះថារដូវនេះគឺជារដូវរំហើយ រីឯស្ថានភាពរាំងស្ងួតក៏បានចាប់ផ្តើម ដែលជាមូលហេតុចម្បងក្នុងករណីងាយបង្កឱ្យកើតមានគ្រោះអគ្គិភ័យទាំងនៅតាមទីជនបទស្រែចំការ ក៏ដូចជានៅក្នុងទីប្រជុំជននានាក្នុងខេត្តបាត់ដំបង ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋ ប្រុងប្រយ័ត្នជាប់ជាប្រចាំចំពោះករណីនេះ ។
ជាមួយគ្នានេះ លោកស្នងការស្នើឱ្យសមត្ថកិច្ចនគរបាលទទួលបន្ទុកការងារអគ្គិភ័យពង្រឹងការងាររបស់ខ្លួនជាប់ជាប្រចាំធានាបានទាន់ពេលវេលាក្នុងការចេញអន្តរាគមន៍ជួយសង្រ្គោះនិងពន្លត់អគ្គិភ័យដែលកើតមាននៅមូលដ្ឋាន ដោយមានការចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋាននិងប្រជាពលរដ្ឋនៅទីនោះផង៕ដោយ ភៅ សុភ័ក្ត្រ០៣!!!
No comments