កាន់តែច្បាស់ការហើយ!!បន្ទាប់ពីបែកធ្លាយ រឿងមន្ត្រីនគរបាលខេត្តកណ្តាល ២រូប ដល់អាយុចូលនិវត្តន៍ តែមិនចូលនិវត្តន៍!!
ខេត្តកណ្ដាល៖ បន្ទាប់ពីមានរឿងបែកធ្លាយតាមបណ្តាញ ហ្វេសប៊ុកចោទប្រកាន់មន្ត្រីនគរបាលខេត្តកណ្តាល ២រូប ដល់អាយុចូលនិវត្តន៍ ភ្លាមនោះ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានឆ្លើយតបជូនសាធារណជន និងបណ្តាញសារព័ត៌មាន មេត្តាជ្រាប «នៅព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២១ គេហទំព័រសារព័ត៌មាន The Mirror News និងបណ្តាញសារព័ត៌មានមួយចំនួនទៀត បានចុះផ្សាយមានចំណងជើងថា «បែកធ្លាយ, លោកស្នងការរង២រូប ដល់អាយុចូលនិវត្តន៍ តែមិនចូលនិវត្តន៍ អភិបាលខេត្តកណ្តាលនឹងបញ្ជាឱ្យក្រុមការងារចុះត្រួតពិនិត្យ»។
ក្រោយពីទទួលបានព័ត៌មានខាងលើភ្លាម លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល ចាត់ឱ្យក្រុមការងារប្រតិកម្មរហ័សធ្វើការស្រាវជ្រាវបំភ្លឺព័ត៌មានដូចខាងក្រោម៖
-ផ្អែកតាមរូបភាពដែលបណ្តាញសារព័ត៌មានចុះផ្សាយខាងលើ លោកស្នងការរងនគរបាលខេត្តកណ្តាល ចំនួន២រូបនោះរួមមាន៖
១-លោកឧត្តមសេនីយ៍ត្រី ចាន់ សាវឿន ស្នងការរង ទទួលផែនការងារភស្តុភារ និងហិរញ្ញវត្ថុ
២-លោកឧត្តមសេនីយ៍ត្រី ឱ ផាន់ណា ស្នងការរងទទួលផែនការងារអត្តសញ្ញាណកម្ម
បន្ទាប់ពីពិនិត្យលើខ្លឹមសារព័ត៌មានខាងលើ ស្នងការដ្ឋាននគរបាលខេត្តកណ្តាល សូមធ្វើការបដិសេធទាំងស្រុង នូវខ្លឹមសារដែលបានចុះផ្សាយថា លោកស្នងការរងទាំង២រូប គេចវេសពន្យាពេលចូលនិវត្តន៍នោះ គឺជាការមិនពិតឡើយ ដោយអនុវត្តតាមគោលការណ៍ច្បាប់ ជាពិសេសលក្ខន្តិកមន្រ្តីនគរបាលជាតិ នៅពេលដែលមានព្រះរាជក្រឹត្យដាក់ឱ្យសាម៉ីខ្លួនចូលនិវត្តន៍គឺត្រូវគោរពតាមដោយមិនរារែកឬគេចវេសជាដាច់ខាត។
ដោយឡែក ចំពោះការលើកឡើងថា លោកឧត្តមសេនីយ៍ត្រី ឱ ផាន់ណា ស្នងការរងទទួលការងារអត្តសញ្ញាណកម្ម មិនព្រមចូលនិវត្តន៍ដោយយកតួនាទី ទៅកាងលោកស្រី ទេព ចន្ធូ ហៅយាយធូ ជាភរិយា គឺជាការមិនពិតឡើយ គឺលោកស្រី ទេព ចន្ធូ ហៅយាធូ បានរកស៊ីជាលក្ខណៈឯកជន មិនមានពាក់ព័ន្ធជាមួយលោកស្នងការរងជាស្វាមីឡើយ។
អាស្រ័យហេតុនេះ សូមសាធារណជន និងបណ្តាញសារព័ត៌មានមេត្តាជ្រាប និងកុំមានការភាន់ច្រឡំ៕
No comments