Ticker

10/ព័ត៌មានជាតិ/ticker-posts

ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាលអញ្ជើញបើកវិញ្ញាសារប្រឡង ជ្រើសរើសក្របខណ្ឌមន្ត្រីរាជការរដ្ឋបាលថ្នាក់ក្រោមជាតិខេត្តកណ្ដាល ឆ្នាំ២០២០!!!

ខេត្តកណ្ដាល៖ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល ថ្លែងប្រាប់បេក្ខជនប្រឡងក្របខ័ណ្ឌមន្ត្រីរាជការ រដ្ឋបាលថ្នាក់ក្រោមជាតិខេត្តកណ្ដាល ថា៖ "ចេះគឺជាប់" ដូច្នេះសូមប្អូនៗ ក្មួយៗទាំងអស់ ត្រូវបញ្ចេញឱ្យអស់ពីសមត្ថភាពរបស់ខ្លួន។

ឯកឧត្តម  បានថ្លែងប្រាប់ដល់បេក្ខជនបែបនេះ  ក្នុងឱកាសដែល ឯកឧត្តម អញ្ជើញបើកវិញ្ញាសារប្រឡង ជ្រើសរើសក្របខណ្ឌមន្ត្រីរាជការរដ្ឋបាលថ្នាក់ក្រោមជាតិខេត្តកណ្ដាល ឆ្នាំ២០២០ នៅព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ នៅមណ្ឌលប្រឡង វិទ្យាល័យ ហ៊ុន សែន តាខ្មៅ។

ឯកឧត្តម បន្តថា ពាក្យថា "ចេះគឺជាប់" គឺជាពាក្យដែលក្រសួងអប់រំយុវជន និងកីឡា បានប្រើប្រាស់គ្រប់ការប្រឡងទាំងអស់ ហើយទទួលបានការគាំទ្រពីមហាជន ក៏ដូចជាសិស្សានុសិស្សទាំងអស់ផងដែរ និងបានធ្វើឱ្យសិស្សានុសិស្សទាំងអស់ ខិតខំរៀនសូត្រ ដើម្បីទទួលបានចំណេះដឹងពិតប្រាកដ និងមានសមត្ថភាពក្នុងការប្រឡងប្រជែងនៅគ្រប់ការប្រឡងទាំងអស់។ 


ហើយពាក្យថា "ចេះគឺជាប់" សម្រាប់បេក្ខជនប្រឡងក្របខណ្ឌមន្ត្រីរាជការរដ្ឋបាលថ្នាក់ក្រោមជាតិ នៅពេលនេះ គឺមានន័យថា ប្អូនៗ ក្មួយៗ ដែលមានសមត្ថភាពពិតប្រាកដ មានចំណេះដឹង ដែលបានធ្វើត្រូវនៅគ្រប់វិញ្ញាសាទាំងអស់ នោះនឹងទទួលបាននូវលទ្ធផលល្អ និងច្បាស់ជាជាប់ក្នុងការប្រឡងនេះជាក់ជាមិនខាន។

ឯកឧត្តមអភិបាលខេត្ត បានផ្ដាំផ្ញើដល់បេក្ខជនទាំងអស់ មិនត្រូវមានការគិតអ្វីផ្សេង ក្រៅពីខិតខំយកចិត្តទុកដាក់ក្នុងការប្រឡង ពិនិត្យនូវវិញ្ញាសារបស់ខ្លួន ហើយបើទោះជាការប្រឡងនៅលើកនេះ មិនទទួលបាននូវលទ្ធផលល្អ សូមកុំមានការអស់សង្ឃឹម និងត្រូវខិតខំរៀនសូត្របន្ថែម បំពេញនូវអ្វីដែលជាកង្វះខាតរបស់ខ្លួន ហើយមកដាក់ពាក្យប្រឡងជាថ្មីម្ដងទៀត នៅពេលដែលមានការជ្រើសរើសលើកក្រោយឱទៀតផងដែរ។

សូមបញ្ជាក់ផងដែរថា ការប្រឡងជ្រើសរើសមន្ត្រីរាជការក្របខ័ណ្ឌរដ្ឋបាលថ្នាក់ក្រោមជាតិខេត្តកណ្ដាល ឆ្នាំ២០២០ ក្របខ័ណ្ឌដែលត្រូវជ្រើសរើសររួមមាន៖

-ក្របខ័ណ្ឌមន្ត្រីរដ្ឋបាលជាន់ខ្ពស់ចំនួន ៣នាក់

-ក្របខ័ណ្ឌមន្ត្រីក្រមការ ចំនួន៣នាក់

-ក្របខ័ណ្ឌលេខាធិការរដ្ឋបាល ចំនួន២នាក់។

បេក្ខជនដែលបានដាក់ពាក្យប្រលងសរុបចំនួន ១៧៧នាក់ ក្នុងនោះក្របខ័ណ្ឌមន្ត្រីរដ្ឋបាលជាន់ខ្ពស់ ចំនួន៥៣នាក់ ក្របខ័ណ្ឌមន្ត្រីក្រមការ ចំនួន ៤៩នាក់ និងក្របខ័ណ្ឌលេខាធិការរដ្ឋបាល ចំនួន ៧៥នាក់។



Post a Comment

0 Comments