លោក ស៊ីន ចាន់ថុល អភិបាលនៃគណៈអភិបាលស្រុកពួក បានថ្លែងអំណរគុណចំពោះទឹកចិត្តដ៏សប្បុរសធម៌របស់អង្គការចក្ខុវិស័យកម្ពុជា និងសប្បុរសជន,,,,
ខេត្តសៀមរាប៖ថ្ងៃចន្ទ ១កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០ លោក ស៊ីន ចាន់ថុល អភិបាលស្រុកពួក និងលោក ស៊ត់ ចន្ថា នាយកប្រតិបត្តិអង្គការចក្ខុវិស័យកម្ពុជា រួមទាំង លោកអធិការរងនគរបាលស្រុក លោកមេបញ្ជាការរងកងរាជអាវុធហត្ថស្រុក ក្រុមប្រឹក្សាឃុំ មន្ត្រីប៉ុស្តិ៍នគរបាល និងមន្រ្តីរាជការអមដំណើរផងដែរ បាននាំយកគ្រឿងឧបភោគបរិភោគចែកជូនប្រជាពលរដ្ឋចំនួន ៤០គ្រួសារ នៅឃុំរើល ស្រុកពួក ដែលជួបការលំបាករងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង ។
លោក ស៊ត់ ចន្ថា នាយកប្រតិបត្តិអង្គការចក្ខុវិស័យកម្ពុជា បានថ្លែងថា អង្គការចក្ខុវិស័យកម្ពុជាបាបង្កើតឡើងក្នុងឆ្នាំ២០១៣ គឺដើមី្បបម្រើការងារមនុស្សធម៌ នៅទូទាំងព្រះរាជាណាចក្រកម្ពុជា ហើយកន្លងមកសកម្មភាពរបស់អង្គការ បានធ្វើសកម្មភាពនៅខេត្តសៀមរាប និងខេត្តឧត្តរមានជ័យ ទៅលើវិស័យទឹកស្អាត សាលារៀន បន្ទប់ទឹកអនាម័យនៅតាមមន្ទីរពេទ្យការឧបត្ថម្ភអ្នកសម្រាលកូនខ្វះខាតសម្រាកនៅតាមមណ្ឌលសុខភាព និងការផ្តល់នូវស្បៀងអាហារដល់គ្រួសារក្រីក្រនៅតាមឡឥដ្ឋ និងងាយរងគ្រោះទៀតផង។
ជាក់ស្តែង នៅពេលនេះអង្គការរបស់លោកនិងមូលនិធិកជាដៃគូ បាននាំយកស្បៀងអាហារមកផ្តល់ជូនប្រជាពលរដ្ឋចំនួន ៤០គ្រួសារនៅស្រុកពួក ដែលកំពុងតែជួបការលំបាកខ្វះខាតនូវស្បៀងអាហារដោយរងផលប៉ះពាល់ដោយទឹកជំនន់នេះ។ ដើម្បីជាវប្បធម៌ចែករំលែក ក្នុងពេលដែលប្រជាពលរដ្ឋយើងជួបនូវទុក្ខលំបាកដោយគ្រោះធម្មជាតិ។
លោក ស៊ីន ចាន់ថុល អភិបាល បានថ្លែងអំណរគុណចំពោះទឹកចិត្តដ៏សប្បុរសធម៌របស់អង្គការចក្ខុវិស័យកម្ពុជា និងសប្បុរសជននានា ដែលបានយកចិត្តទុកដាក់ក្នុងការចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងពេលដែលប្រជាពលរដ្ឋខ្មែរយើងបានកំពុងជួបនូវទុក្ខលំបាកដោយគ្រោះធម្មជាតិ ។ ជាមួយគ្នានេះលោកអភិបាលស្រុក ក៏បានជម្រាបដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលមិនទាន់មានអត្តសញ្ញាណប័ណ្ណ ត្រូវទៅធ្វើនៅសាលាស្រុកពួក ។
ហើយលោកបានរំលឹកបន្ថែមដល់បងប្អូន សូមកុំភ្លេចអំពីបញ្ហាជំងឺកូវីដ-19 ពីព្រោះថា កូវីដមិនភ្លេចយើងទេ មានតែយើងទេភ្លេចកូវីដ-19 ដូច្នេះយើងត្រូវពាក់ម៉ាស លាងដៃជាមួយ សាប៊ូ ឬអាកុល អនុវត្តឲ្យបានជាប្រចាំតាមការណែនាំរបស់ ក្រសួងសុខាភិបាល ។ ម្យ៉ាងទៀត សូមបងប្អូនត្រូវធ្វើអនាម័យជុំវិញលំនៅដ្ឋាន និង លប់បំបាត់នូវទី ជម្រកសត្វមូសខ្លា ដែលជាភ្នាក់ងារចម្លងជម្ងឺគ្រុនឈាម និង គ្រុនឈិក ដែលកើតលើមនុស្សគ្រប់វ័យ ជាពិសេសត្រូវថែរក្សាសុខភាពឱ្យបានល្អ ។
អំណោយដែលជាគ្រឿងឧបភោគក្នុង១គ្រួសារទទួលបាន៖អង្ករ ២៥គីឡូក្រាម ទឹកត្រី ១យួរ ត្រីខ ១យួរ អំបិល១គីឡូក្រាម ស្ករស១គីឡូក្រាម សាប៊ូកក់សក់១២កញ្ចប់ ទឹកដោះគោខាប់ ២កំប៉ុង និងសារ៉ុង ឬក្រមា១ ។
No comments