ខេត្តបាត់ដំបង៖នៅព្រឹកថ្ងៃ ចន្ទ ១កើត ខែ មីគសិរ ឆ្នាំជូតទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី ១៦ ខែ វិច្ឆិកា ឆ្នាំ ២០២០ នេះអនុវត្តតាមមតិដឹកនាំ របស់លោកឧត្តមសេនីយ៍ត្រី សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ព្រមដោយយោបល់ណែនាំរបស់លោកឧត្តមសេនីយ៍ត្រី ពុំ ចាន់ ស្នងការរងផែននគរបាលការពារព្រំដែនគោក លោកវរសេនីយ៍ឯក ម៉ង់ ស៊ី មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោលលេខ ៨១៩ បានដឹកនាំ កងកម្លាំងនគរបាលក្នុងអង្គភាព ចុះជួយច្រូកកាត់ប្រមូលផលស្រូវជូនប្រជាពលរដ្ឋនៅមូលដ្ឋានភូមិតាសែន ឃុំត្រាង ស្រុកកំរៀង ខេត្តបាត់ដំបង ក្នុងពេលដែលគ្រួសារប្រជាពលរដ្ឋលោក មិនមានលទ្ធភាពជួលម៉ាស៊ីនច្រូកតាត់ឬជួលកម្លាំងពលកម្មក្នុងការច្រូតកាត់ប្រមូលផលស្រូវរបស់គាត់បានទាន់ពេលវេលា។
ថ្លែងដោយក្តីរំភើបរីករាយ គ្រួសារប្រជាពលរដ្ឋជាម្ចាស់ស្រែ សូមកោតសរសើរចំពោះទឹកចិត្តចូល រួមជួយចែករំលែកនូវការលំបាករបស់គ្រួសារគាត់ដែលសកម្មភាពបែបនេះ មិនមែនជាលើកទី០១ឬលើកដំបូងនោះទេ ក៏ប៉ុន្តែសកម្មភាពរបស់កងកម្លាំងនគរបាលបានចូលរួមជួយចែករំលែកទុក្ខលំបាករបស់ប្រជាពលរដ្ឋនៅមូលដ្ឋាននៅគ្រប់ពេលវេលា ។ គ្រួសារប្រជាពលរដ្ឋបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះទឹកចិត្តចូលរួមចែករំលែកនូវការលំបាកនេះពីថ្នាក់ដឹកនាំស្នងការនគរបាលខេត្តបាត់ដំបង លោក លោកស្រីស្នងការរង ពិសេសកងកម្លាំងនគរបាលវរសេនាតូចការពារព្រំដែនគោកលេខ៨១៩ ផ្ទាល់តែម្តង៕
0 Comments