លោក ឧត្តមសេនីយ៍ត្រី សិទ្ធ ឡោះ ស្នងការស្តីទី នគរបាលខេត្តបន្ទាយមានជ័យ ជម្រុញ ដល់គ្រប់ថ្នាក់ដឹកនាំអង្ភភាព ត្រូវយកចិត្តទុកដាក់ ការពារសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម ក្នុងពិធីបុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌ,,,,
ខេត្តបន្ទាយមានជ័យ ៖ លោកឧត្តមសេនីយ៍ត្រីសិទ្ធ ឡោះ ស្នងការស្តីទី នគរបាលខេត្តបន្ទាយមានជ័យ បានជម្រុញដល់ ថ្នាក់ដឹកនាំបណ្តាអង្គភាពទាំងអស់ ត្រូវតែយកចិត្តទុកដាក់ ក្នុងការចាត់តាំងកងកម្លាំងដើម្បីការពារសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម ក្នុងពិធីបុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌ ឆ្នាំ២០២០ នេះ ។
ក្នុងនោះ លោកឧត្តមសេនីយ៍ត្រីសិទ្ធិ ឡោះ បានដាក់ចេញនូវផែនការ គ្រប់អធិការដ្ឋាននគរបាលគ្រប់ ស្រុក ក្រុង ត្រូវយកចិត្តទុកដាក់ បង្កើនការស្តាប់និងវិភាគ និងវាយតម្លៃនូវសភាពការណ៍ និងព័ត៌មាននានា ពាក់ព័ន្ធសន្តិសុខ និងសណ្តាប់ធ្នាប់សង្គម ពិសេសសកម្មភាពភេរវកម្ម ឧក្រិដ្ឋកម្មនិងសកម្មភាពល្មើសច្បាប់ផ្សេងៗទៀត ដើម្បីចាត់វិធានការ បង្ការទប់ស្កាត់និងបង្រ្កាបឲ្យមានប្រសិទ្ធភាពទាន់ពេលវេលា។
នេះជាការលើកឡើងរបស់លោកឧត្តមសេនីយ៍ត្រី សិទ្ធ ឡោះ ស្នងការស្តីទី នៅថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២០ ក្នុងពិធីប្រជុំផ្សព្វផ្សាយផែនការ ការពារសសណ្តាប់ធ្នាប់ សុវត្ថិភាព សង្គម ក្នុងពិធីបុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌ ឆ្នាំ២០២០ នៅស្នងការដ្ឋាននគរបាលខេត្ត បន្ទាយមានជ័យ ដោយមានការចូលរួមពីលោក លោកស្រី ឧត្តមសេនីយ៍ វរសេនីយ៍ ជាស្នងការរង នាយ នាយរងការិយាល័យ លោកមេបញ្ជាការវរសេនាតូចការពារព្រំដែនគោកទាំង០៤ លោកអធិការនគរបាល ស្រុក ក្រុង ទាំង០៩ លោកនាយប៉ុស្តិ៍រដ្ឋបាល ឃុំ សង្កាត់និងលោកនាយប៉ុស្តិ៍ការពារព្រំដែនយ៉ាងច្រើនកុះករ ។
លោកឧត្តមសេនីយ៍ត្រី សិទ្ធ ឡោះ បានបញ្ជាក់ថា៖ទន្ទឹមនឹងថ្នាក់ដឹកនាំគ្រប់លំដាប់ ក៏ដូចជាមន្ត្រីរាជការ ប្រជាពលរដ្ឋសប្បាយរីករាយក្នុងឱកាសបុណ្យកាន់បិណ្ឌ-បុណ្យភ្ជុំបិណ្ឌនេះផងដែរ សូមឲ្យគ្រប់ថ្នាក់ដឹកនាំបណ្តាអង្គភាពទាំងអស់ ត្រូវតែជម្រុញការអនុវត្តគោលនយោបាយ ភូមិ-ឃុំ មានសុវត្ថិភាព ឲ្យ បានសកម្មផុសផុល និងត្រូវយកចិត្តទុកដាក់គ្រប់គ្រងឲ្យបានហ្មត់ចត់ នូវមុខសញ្ញាគ្រប់ប្រភេទនៅតាម សហគមន៍ ភូមិ-ឃុំ ដោយប្រើប្រាស់នូវគ្រប់វិធានការ ដើម្បីបំបាត់ប្រសិទ្ធភាពជាមុន មិនទុកឲ្យមុខសញ្ញា មានឱកាស ធ្វើសកម្មភាពបង្កអសន្តិសុខ ឬ គ្រោះថ្នាក់ដល់អាយុជីវិត និងបង្កមហន្តរាយដល់ទ្រព្យសម្បត្តិ របស់ប្រជាពលរដ្ឋឡើយ ។ម្យ៉ាងវិញទៀត ត្រូវចាត់វិធានការម៉ឺងម៉ាត់ គ្រប់គោលដៅក្នុងពិធីបុណ្យនិងគោលដៅ និងគោលដៅកំសាន្ត សប្បាយនានា ដូចជា៖ វត្តអារាម ប្រាង្គប្រសាទ រមណីយដ្ឋាន ដែលប្រជាពលរដ្ឋទៅសម្រាកកំសាន្តនៅតំបន់នោះ ព្រមទាំងបង្កើនកិច្ចការពារ យាមកាមល្បាត ជាប្រចាំ។ជាមួយគ្នានោះដែរត្រូវបន្តយចិត្តទុកដាក់រឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ តាមស្មារតីអនុក្រឹត្យលេខ៣៩ អនក្រ.បក ចុះថ្ងៃទី១៧ខែមីនា ឆ្នាំ២០២០ ជាពិសេសត្រូវត្រួពិនិត្យឲ្យបានហ្មត់ចត់នៅគ្រប់គោលដៅដើមទី និង រៀបចំសណ្តាប់ធ្នាប់ចរាចរណ៍តាមដងផ្លូវជាតិ ទីប្រជុំជន សំដៅកាត់បន្ថយការកកស្ទះ ឬគ្រោះថ្នាក់ដែលអាចកើតឡើងជាយថាហេតុ និងត្រូវសហការណ៍ជាមួយបណ្តាញព័ត៌មានសំខាន់ ធ្វើការផ្សព្វផ្សាយឲ្យបានទាន់ពេលវេលា ពិសេសបញ្ហាកកស្ទះចរាចរណ៍ ។
ជាចុងក្រោយលោកស្នងការស្តីទី បានណែនាំដល់ថ្នាក់ដឹកនាំអធិការដ្ឋាន វរសេនាតូចការបារព្រំដែន និងនគរបាលប៉ុស្តិ៍ នគរបាលការពារព្រំដែន ផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ ដែលរស់នៅក្នុងមូលដ្ឋានខ្លួនគ្រប់គ្រង ឲ្យមានស្មារតីក្នុងការប្រុងប្រយ័ត្នបញ្ហាគ្រោះថ្នាក់អគ្គីភ័យនិងគ្រោះមហន្តរាយនានា ក្នុងនោះដែរ លោកអធិការដ្ឋាននគរបាលគ្រប់ស្រុក ក្រុង ត្រូវត្រៀមកម្លាំង និងរថយន្តពន្លត់អគ្គីភ័យ ជាប្រចាំដើម្បីដោះស្រាយនូវរាល់ហេតុការណ៍គ្រោះអគ្គីភ័យដែលកើតឡើង ជាយថាហេតុ។
No comments