លោកឧត្តមសេនីយ៍ទោឈឿន សុចិត្ត ស្នងការខេត្តបាននាំយកអំណោយដ៏ថ្លៃថ្លារបស់នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិត្រូវបានប្រគល់ជូនមន្ត្រីនគរបាលនៅស្រុកកណ្តាលស្ទឹង,,,,
ខេត្តកណ្តាល៖លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល នាំយកថវិកាមួយចំនួនព្រមទាំងអាវភ្លៀង ដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានទៅប្រគល់ជូនដល់មន្ត្រីនគរបាល នៃអធិការដ្ឋាននគរបាលស្រុកកណ្តាលស្ទឹង នៅរសៀលថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២០ ។
មន្ត្រីនគរបាល នៃអធិការដ្ឋាននគរបាលស្រុកកណ្តាលស្ទឹងមានចំនួន១៨០រូប ក្នុងនោះទទួលបានថវិកា៥០០០០រៀល និងអាវភ្លៀងចំនួន០១ក្នុងម្នាក់ៗ។ ដោយឡែកអធិការនគរបាលស្រុកទទួលបានម៉ូតូធំចំនួន០៥គ្រឿង ទុកសម្រាប់ឱ្យមន្ត្រីជិះបំពេញការងារក្នុងមូលដ្ឋាន។
នាឱកាសនោះដែរ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាល បានពាំនាំប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងបានណែនាំឱ្យយកងកម្លាំងនគរបាលទាំងអស់រក្សាសាមគ្គីភាពផ្ទៃក្នុង រួមគ្នាគិត រួមគ្នាធ្វើ ធ្វើឱ្យបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានជឿទុកចិត្ត និងឱ្យពួកគាត់រស់នៅក្នុងភាពសុខសាន្តដោយមិនមានការភ័យខ្លាច ។
ក្រៅពីការងារជំនាញ និងបម្រើសេវាសាធារណៈជូនបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន កងកម្លាំងទាំងអស់ត្រូវថែទាំសុខភាព អនាម័យខ្លួនប្រាណឱ្យបានស្អាតជានិច្ច ដើម្បីជៀសឆ្ងាយពីជម្ងឺផ្សេងៗ ពិសេសមេរោគរាតល្បាតកូវីដ-១៩។
សូមបញ្ជាក់ថា សកម្មភាពជួបសំណេះសំណាល និងចែកជូនថវិកា ព្រមទាំងអាវភ្លៀង ដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិនេះ ត្រូវបានលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាលធ្វើឡើងចំនួន៣ស្រុករួចមកហើយ គឺនៅស្រុកល្វាឯម ស្រុកលើកដែក និងស្រុកពញាឮ។
ហើយនេះលើកទី៤ធ្វើឡើងនៅស្រុកកណ្តាលស្ទឹង និងបន្តធ្វើទៀតរហូតគ្រប់១១ក្រុង/ស្រុក ចំណុះឱ្យស្នងការដ្ឋាននគរបាលខេត្តកណ្តាល៕
No comments