ក្រសួងសុខាភិបាលរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ចំនួន៥នាក់ថ្មីបន្ថែមទៀត,,,
ភ្នំពេញ ៖ ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២០នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មី០៥នាក់បន្ថែមទៀត ដែលសុទ្ធសឹងជាករណីនាំចូល។ក្រសួងសុខាភិបាល បញ្ជាក់ថា អ្នករកឃើញឆ្លងជំងឺកូវីដ១៩ថ្មីនេះ មានម្នាក់ជាបុរសជនជាតិឥណ្ឌូនេស៊ី និង៤នាក់ទៀតជាបុរសជនជាតិខ្មែរ ដែលត្រឡប់មកពីប្រទេសប៉ាគីស្ថាន។អ្នកទាំង៥នាក់នោះរួមមាន៖
១៖ បុរសជនជាតិឥណ្ឌូនេស៊ីអាយុ ១៨ឆ្នាំ មានអាសយដ្ឋាននៅភូមិ២ មិត្តភាព ខេត្តព្រះសីហនុ ទទួលបានលទ្ធ ផលតេស្ត វិជ្ជមានវីរុសកូវីដ-១៩ ហើយបច្ចុប្បន្ន អ្នកជំងឺ ត្រូវបានដាក់ឱ្យសម្រាកព្យាបាលនៅមណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញ។ បុរសរូបនេះ ជាអ្នកធ្វើដំណើរមកពីប្រទេសឥណ្ឌូនេស៊ី បន្តជើងហោះហើរនៅប្រទេសម៉ាឡេស៊ី បានមកដល់កម្ពុជានាថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០ ដែលមានអ្នកដំណើរសរុបចំនួន១២១នាក់ ក្នុងនោះមាន ជនជាតិខ្មែរ៨១នាក់ (ស្ត្រី១៣នាក់) ជនជាតិម៉ាឡេស៊ី ១៤នាក់ (ស្ត្រី ០១នាក់) ស្ត្រីជនជាតិវៀតណាម ០១នាក់ បុរសជនជាតិចិន០២នាក់ ជនជាតិអូស្ត្រាលី ០៤នាក់ (ស្ត្រី០២នាក់) និងជនជាតិឥណ្ឌូណេស៊ី ១៩នាក់ (ស្រី០១នាក់) ដែលពួកគាត់ទាំង ១៩នាក់នេះជា អ្នកធ្វើដំណើរមកពីប្រទេសឥណ្ឌូនេស៊ីបន្តជើងហោះហើរ នៅប្រទេសម៉ាឡេស៊ីមកកាន់ប្រទេសកម្ពុជា។ រីឯអ្នកដំណើរចំនួន ១២០នាក់ ដែលមានលទ្ធផលតេស្ត អវិជ្ជមាន វីរុសកូវីដ-១៩ ត្រូវបានដាក់ឱ្យធ្វើចត្តាឡីស័ក ចំនួន១៤ថ្ងៃ នៅមណ្ឌលចត្តាឡីស័កអនុវិទ្យាល័យពោធិ៍ចិនតុងមានចំនួន៨១នាក់ និង៣៩នាក់ទៀត នៅសណ្ឋាគារមួយក្នុងរាជធានីភ្នំពេញ។
២៖ បុរសជនជាតិខ្មែរអាយុ ២៣ឆ្នាំ មានអាសយដ្ឋាននៅ ភូមិបន្ទាយព្រៃ ឃុំអណ្ដូងថ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ
៣៖ បុរសជនជាតិខ្មែរអាយុ ៣០ឆ្នាំ មានអាសយដ្ឋាននៅ ភូមិព្រៃខ្ជាយ ឃុំបារាយណ៍ ស្រុកព្រៃឈរ ខេត្តកំពង់ចាម
៤៖ បុរសជនជាតិខ្មែរអាយុ ២៥ឆ្នាំ មានអាសយដ្ឋាននៅ ភូមិនរា ឃុំនរា ស្រុកសង្កែ ខេត្តបាត់ដំបង
៥៖ បុរសជនជាតិខ្មែរអាយុ ២៩ឆ្នាំ មានអាសយដ្ឋាននៅ ភូមិ១ ឃុំឡាមិញ ស្រកបរកែវ ខេត្តរតនគិរី។
បុរសទាំង០៤នាក់ខាងលើ មានលទ្ធផលតេស្ត វិជ្ជមានវីរុសកូវីដ-១៩ ត្រូវបានដាក់ឱ្យសម្រាកព្យាបាល នៅមណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញ។ ពួកគាត់ទាំង០៤នាក់ ជាអ្នកបានធ្វើដំណើរពីប្រទេសប៉ាគីស្ថាន បន្តជើងយន្តហោះហើរនៅប្រទេសម៉ាឡេស៊ី មកដល់ប្រទេសកម្ពុជានៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០ ដែលមានអ្នកដំណើរ បានអនុញ្ញាតឱ្យចូលកម្ពុជាសរុប១២០នាក់ ចែកចេញជាជនជាតិខ្មែរចំនួន ៨០នាក់ (ស្រី្ត ២៥នាក់) ជនជាតិម៉ាឡេស៊ីចំនួន ២៨នាក់ (ស្ត្រី ០៩នាក់) ជនជាតិចិនចំនួន០៤នាក់ (ស្ត្រី ០១នាក់) បុរសជនជាតិអាល្លឺម៉ង់ចំនួន ០១នាក់ ជនជាតិឥណ្ឌូណេស៊ីចំនួន ០៣នាក់ (ស្ត្រី ០១នាក់) ជនជាតិអឺរ៉ាក់ចំនួន ០២នាក់ (ស្រី ០១នាក់) ស្ត្រីជនជាតិ រុស្ស៊ី ០១នាក់ និងបុរសជនជាតិស៊ីរី ០១នាក់។ រីឯអ្នកដំណើរ ១១៦នាក់ ដែលមានលទ្ធផលតេស្ត អវិជ្ជមាន វីរុសកូវីដ-១៩ ត្រូវបានដាក់ឱ្យធ្វើចត្តាឡីស័កចំនួន១៤ថ្ងៃ ៖ នៅបុរី ១០០ខ្នងចំនួន ៧៦នាក់ និង៤០នាក់ទៀត នៅ សណ្ឋាគារមួយក្នុងរាជធានីភ្នំពេញ។សូមជម្រាបថា គិតត្រឹមម៉ោង០៧៖០០ព្រឹក ថ្ងៃទី០១ ខែសីហា ឆ្នាំ២០២០ នៅកម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុប២៣៩នាក់ (ស្ត្រី៤៦នាក់ និងបុរស ១៩៣នាក់) ក្នុងនោះចំនួនអ្នកព្យាបាលជាសះស្បើយសរុបទូទាំងប្រទេស មានចំនួន១៦៤នាក់ (ស្រី៤២នាក់ និងបុរស១២២នាក់) និងអ្នកសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យរដ្ឋ មានចំនួនសរុប៧៣នាក់ និងអ្នកសម្រាកព្យាបាលនៅបន្ទប់ដោយឡែកក្នុងស្ថានទូតអាមេរិកប្រចាំកម្ពុជា មាន២នាក់៕
No comments