Breaking News

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ យើងអាចវាយតម្លៃបានថាចាប់ពីដើមអាណត្តិទី៧ រហូតដល់ដំណាច់ឆ្នាំ២០២៤ ក្រសួងសាធារណការ និងដឹកជញ្ជូនសម្រេចបានសមិទ្ធជាច្រើនគួរឱ្យកត់សម្គាល់!!!

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍

ភ្នំពេញ៖សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាមានប្រសាសន៍ថា ជារួមយើងអាចវាយតម្លៃបានថា ចាប់ពីដើមអាណត្តិទី៧ រហូតដល់ដំណាច់ឆ្នាំ២០២៤ ក្រសួងសាធារណការ និងដឹកជញ្ជូនសម្រេចបានសមិទ្ធជាច្រើនគួរឱ្យកត់សម្គាល់ ឆ្លើយតបទៅនឹងអាទិភាពនៃយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ជាពិសេសការកំណត់នូវចក្ខុវិស័យសំខាន់ៗចំនួនពីរ៖ ទី១ គឺការលើកកម្ពស់សេវាដឹកជញ្ជូនតាមរយៈការវិវឌ្ឍន៍ និងការធ្វើទំនើបកម្មការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលក្នុងការគ្រប់ គ្រង និងការផ្តល់សេវាលឿន រហ័ស តម្លាភាព ប្រសិទ្ធភាព ងាយស្រួល និងជឿទុកចិត្ត និងទី២ ការលើកកម្ពស់ការតភ្ជាប់ប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយឡូជីស្ទិក និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដឹក ជញ្ជូនឱ្យមានគុណភាព សុវត្ថិភាព ចីរភាព ភាពធន់ និងបរិយាប័ន្ន។ ការថ្លែងរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រីដូចនេះធ្វើឡើងក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន នារសៀលថ្ងៃ២៣ ខែមករា ឆ្នាំ២០២៥។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ក្នុងរយៈពេល១៧ខែនៃរាជរដ្ឋាភិបាលនីតិកាលទី៧នេះ យើងបានសម្ពោធនូវសមិទ្ធផលជាច្រើននៅក្នុងវិស័យសាធារណការ ហើយនៅពេលខាងមុខយើងនឹងសម្ពោធសមិទ្ធផលក្នុងវិស័យសាធារណការនេះជាច្រើនទៀត ដែលសុទ្ធសឹងជាហេដ្ឋារចនាសម្ព័ន្ធបំរើដល់វិស័យដឹកជញ្ជូនទាំងផ្លូវគោក ផ្លូវទឹក និងផ្លូវអាកាសដ៏ចាំបាច់។ សម្ដេចធិបតីបានលើកឡើងថា ដូច្នេះ ការកសាងហេដ្ឋារចនាសម្ព័ន្ធប្រទាក់ក្រឡាក្នុងការត្រៀមសម្រាប់ជួយជំរុញរយៈវែងគឺជាការសំខាន់ ព្រោះ ការដឹកជញ្ជូននៅតែប្រព្រឹត្តទៅតាមរយៈផ្លូវគោក ផ្លូវទឹក និងផ្លូវអាកាសក្នុងរយៈពេលយូរអង្វែងមិនដឹង ថាពេលណាទើបមានការប្តូរផ្លាស់នៃរបៀបដឹកជញ្ជូននោះទេ។

ក្នុងឱកាសនោះ សម្តេចធិបតីនាយករដ្ឋមន្រ្ដីបានចាត់ទុកសមិទ្ធផលដែលក្រសួងសាធារណការ និងដឹកជញ្ជូនសម្រេចបានកន្លងមកថា បានជួយសម្រួលដល់ការតភ្ជាប់ប្រទាក់ក្រឡាក្នុងការធ្វើដំណើរ និងការដឹកជញ្ជូន ព្រមទាំងចូលរួមលើក កម្ពស់ការធ្វើពិពិធកម្មសេដ្ឋកិច្ច និងចាប់យកកាលានុវត្តភាពថ្មីៗដូចជា ការទាក់ទាញវិនិយោគដោយ ផ្ទាល់ និងទេសចរពីបរទេសដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចនៅកម្ពុជា៕


 

No comments