គ្រឿងចក្របូមខ្សាច់រំលោភយកដីព្រៃកោងកាង នៅតែបន្តធ្វើសកម្មភាពជារៀងរាល់ថ្ងៃក្នុងស្រុកមណ្ឌលសីមា បែរជាមន្ត្រីជំនាញពាក់ព័ន្ធ រក្សាភាពស្ងៀមស្ងាត់!!
ខេត្តកោះកុង៖ផ្សាយចេញថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៣ បងប្អូនប្រជានេសាទបានមានចម្ងល់ និងដាក់ការសង្ស័យថា ដីព្រៃកោងកាង ជាដីព្រៃលិចទឹក ដែលជាជម្រកត្រី ក្តាម បង្កង បង្គា ខ្យង ងាវ គ្រែង និងជាជម្រកជីវ:ចម្រុះ ជាច្រើនទៀតនៅ តាមព្រែកណាណៃឃុំបាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង កំពុងរងការគំរាមកំហែងពីក្រុមបូមខ្សាច់ គួរឲ្យព្រួយបារម្ភ នេះបើយោងតាម ប្រភពដែលបណ្ដាញព័ត៌មានយើងទើបទទួលបាន។
ប្រជានេសាទ ដែលបើកកាណូតឆ្លងកាត់នៅចំណុចខាងលើ បានបញ្ជាក់ថាពួកគាត់នៅតែឃើញមានម៉ាស៊ីនបូមខ្សាច់១ គ្រឿង ដែលប្រើទុយយោមានមុខកាត់១តឹក បណ្តែតលើទឹក ហើយកំពុងបូមខ្សាច់លុប ដីព្រៃលិចទឹក ដីព្រៃកោងកាង យ៉ាងគគ្រឹកគគ្រេងដោយមិនឃើញមានអាជ្ញាធរ ក៏ដូចជាមន្រ្តីជំនាញពាក់ព័ន្ធមានវិធានការទប់ស្កាត់ទាល់តែសោះ។
ទន្ទឹមនិងនោះក៏មានការលើកឡើងថា តើគេបូមខ្សាច់នៅចំណុចខាងលើនេះបម្រើឲ្យផលប្រយោជន៍បុគ្គលណា ? តើការធ្វើអាជីវកម្មបូមខ្សាច់ខុស ឬត្រូវតាមបទដ្ឋានបច្ចេកទេសឬទេ ? ខណៈគេប្រើបំពង់បូមធំៗ តើមានច្បាប់ទម្លាប់ដែរឬទេ ? តើការធ្វើអាជីវកម្មបែបនេះមានផលប៉ះពាល់ ដល់សម្បត្តិធម្មជាតិ និងបរិស្ថានដែរឬទេ ? តើអ្នកមានលុយមានអំណាចមួយណា ដែលហ៊ានចំណាយដើមទុនយ៉ាងសម្បើមបូមខ្សាច់ចាក់ដីលប់ព្រៃកោងកាងជាសម្បត្តិរបស់រដ្ឋជាជម្រកមច្ឆាជាតិទឹកប្រៃ ដើម្បីធ្វើជាសម្បត្តិបុគ្គលបែបនេះ ?
យ៉ាងណាសកម្មភាពនេះ បានធ្វើឲ្យប្រជាពលរដ្ឋក្រីក្រ ទន់ខ្សោយ ជាពិសេសអ្នកនេសាទទ្រង់ទ្រាយតូចតាចជាលក្ខណៈគ្រួសារដែលគ្មានលុយកាក់ ដើម្បីទិញឧបករណ៍និងទូកធំៗសម្រាប់ចេញទៅនេសាទ ខាងក្រៅដូចគេ បានត្រឹមនេសាទតាមព្រែក តាមកោះ ឬ ក្នុងដៃសមុទ្រនេះ បានសម្តែងការអស់សង្ឃឹមយ៉ាងខ្លាំង ព្រោះព្រៃកោងកាង ដែលជាកន្លែងមច្ឆជាតិ ពង កូន ដ៏មានសារសំខាន់សម្រាប់ប្រជាពលរដ្ឋអាស្រ័យផល និងចាត់ទុកជាឆ្នាំងបាយ ជាដង្ហើមរស់ ជាកន្លែងផ្គត់ផ្គង់ជីវភាព និង ចិញ្ចឹមគ្រួសារប្រចាំថ្ងៃរបស់ពួកគាត់ ត្រូវបានគេបំផ្លាញអស់រលីងទៅហើយ ។
តាមប្រភពដោយឡែកមួយបង្ហើបឲ្យដឹងថា កន្លែងដាក់ម៉ាស៊ីនបណ្ដែតលើទឹកបូមខ្សាច់លុបដីព្រៃកោងកាង ដីព្រៃលិចទឹកមួយនេះ ជារបស់លោកម្នាក់ដែលមានលុយ មានឥទ្ធិពលម្នាក់ ក្នុងស្រុកមណ្ឌលសីមា ដែលគេឮល្ហិចល្ហៀងថា មិនមានច្បាប់អនុញ្ញាតពីសាលាខេត្តកោះកុង ឲ្យមកបូមលុបដីព្រៃកោងកាង និងរំលោភយកដីព្រែក ដែលគ្មានអ្នកណាហ៊ានទៅក្បែរ ឬ សួរនាំឡើយ ។
ពាក់ព័ន្ធនឹងករណីខាងលើ លោកពេជ្រ សុីយ៉ុន ប្រធានមន្ទីរ៉ែ និងថាមពលខេត្តកោះកុង បានតមតាមប្រព័ន្ធទំនាក់ទំនងតេឡេក្រាមយ៉ាងខ្លីថា អរគុណច្រើន ខ្ញុំនឹងចុះទៅពិនិត្យ។
ករណីនេះដែរលោកសុខ ភិរម្យ អភិបាលស្រុកមណ្ឌលសីមា បានថ្លែងថា ខ្ញុំធ្លាប់បានឱ្យខាងឃុំ ចុះទៅហាមឃាត់និងធ្វើកិច្ចសន្យាបញ្ឈប់។ម្ដងហើយ តែបើនៅតែបន្តទៀត ខ្ញុំនឹងចុះទៅហាមឃាត់ដោយផ្ទាល់។
ជុំវិញការសកម្មភាពបូមខ្សាច់ខាងលើ បណ្ដាញសារព័ត៌មានយើងមិនអាចសុំការបកស្រាយ ពីភាគីម្ចាស់ទីតាំង ដែលកំពុងបូមខ្សាច់រំលោភយកដីព្រៃកោងកាង ខាងលើនេះបានទេដោយមិនមានលេខទំនាក់ទំនង។
ពលរដ្ឋ និងមហាជន ស្នើសុំ លោកជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុង សូមដាក់កម្លាំងជំនាញពាក់ព័ន្ធ ចុះត្រួតពិនិត្យទប់ស្កាត់ ពាក់ព័ន្ធនិងករណីខាងលើនេះផង៕
No comments