លោកអភិបាលក្រុងប៉ោយប៉ែត៖ទីក្រុងស្អាតទាល់តែមានការចូលរួមពីបងប្អូនអាជីវករ រត់ម៉ូតូ រត់ឡាននិងរត់កង់បី!!!
ក្រុងប៉ោយប៉ែត៖នាព្រឹកថ្ងៃសៅរ៍ទី ២៥ ខែមីនា ឆ្នាំ ២០២៣ ឯកឧត្តម ង៉ោ ម៉េង ជ្រួន អភិបាលខេត្តរងបន្ទាយមានជ័យ និងលោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំង ចំរុះចុះសំអាតបរិស្ថាននិងបាញ់ទឹកលាងសំអាត រៀបចំសណ្ដាប់ធ្នាប់ លើដងផ្លូវ ត្រង់ចំណុចរង្វង់មូលព្រះវិស្ណុច្រកទ្វារអន្តរជាតិប៉ោយប៉ែត ស្ថិតភូមិប៉ោយប៉ែត សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដោយមានការចូលរួមពីកងកម្លាំងសមត្ថកិច្ចចរាចរណ៍និងអាជ្ញាធរសង្កាត់ព្រមទាំងប្អូនៗសិស្សានុសិស្ស៕
ក្នុងនោះដែរលោក គាត ហ៊ុល អភិបាលក្រុងបានមានប្រសាសន៍ថ្លែងប្រាប់សារព័ត៌មានអោយដឹងថាការសាងសង់រូបសំណាក់ព្រះវិស្ណុ ជារង្វង់មូលឡើងវិញក្រោមការចង្អុលបង្ហាញណែនាំពីឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ដ្រី និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន។
លោកអភិបាលបន្តថារង្វង់មូលក្រុងប៉ោយប៉ែតដោយមានរូបតំណាងព្រះវិស្ណុ រៀបចំ ស្ថាបនាកសាងទីកន្លែងនេះទុកជាទីសក្ការៈបូជា សម្រាប់ បងប្អូនប្រជាពលរដ្ឋនៅក្នុងក្រុងប៉ោយប៉ែតទាំងមូលនិងពុកម៉ែបងប្អូនធ្វើដំណើរតាមបណ្តាលខេត្តនាបានឆ្លងកាត់ក៏ដូចជាភ្ញៀវជាតិនិងអន្តរជាតិ ធ្វើការអុជធូប សុំសេចក្តី សុខចំរើន កុំអោយមានការភិតភ័យ ដែលមានរូបសំណាក់ព្រះវិស្ណុជានិមិត្តរូប មានរិទ្ធីចេស្ដាដ៏អស្ចារ្យ នៅចាំការពារទឹកដីក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យទាំងមូល។
លោកអភិបាលបន្តថាការសាងសង់សំណាក់រូបវិស្ណុ ជារង្វង់មូលក្រុមប៉ោយប៉ែតនេះត្រូវចំណែកថវិកាជាង១៩៥០០០ដុល្លា ដែលរូបសំណាក់ព្រះវិស្ណុព្រះភ័ក្រ្តបែរមុខទិសខាងលិច សាងអំពីថ្ម កំពស់ម៉ែត្រនិងបល្ល័ងសរុបរួមកម្ពស់ ៨ ម៉ែត្រ ដោយមានសួនច្បារព័ទ្ធជុំវិញលម្អដោយ ដាំស្មៅនិងដាំផ្កាជាច្រើនចម្រុះ។
ជាចុងក្រោយ លោកអភិបាលក្រុង ទទូចស្នើសុំបងប្អូនដែលមានអាជីវករ រត់កង់បី រត់ម៉ូតូឌុប រត់ឡាន មេត្តាមានការយោគយល់សុំចតទៅម្ខាងផ្លូវ ចតឲ្យបានរៀបរយឲ្យមានសណ្ដាប់ធ្នាប់ លោកនឹងចាត់កម្លាំងយាមប្រចាំការទាំងយប់ទាំងថ្ងៃ តែម្តង ដើម្បីឲ្យភ្ញៀវទេសចរណ៍មើលទៅមានសោភ័ណ្ឌភាពស្រស់បំព្រងជាទីក្រុងស្អាត បរិស្ថានស្អាត អនាម័យស្អាត ខ្យល់បរិសុទ្ធល្អ លោកអភិបាលក្រុងសង្ឃឹមថាការទទួលស្នើសុំដល់បងប្អូនអាជីវកររត់តាក់ស៊ីរត់ម៉ូតូឌុបរត់ឡាននិងកង់បីនិងយោគយល់ចូលរួមរក្សាសណ្ដាប់ធ្នាប់បានល្អជាក់ជាមិនខានដើម្បីទីក្រុងយើងស្អាតទាំងអស់។
រាយការណ៍ដោយ៖លោក ព្រឿន សាវុន អនុប្រធានព័ត៌មានប្រចាំខេត្តបន្ទាយមានជ័យ!!!
No comments