សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

ក្រុមគ្រួសារលោកស្រី ខេង ឆែត អាជីវករលក់ដូរក្នុងបរិវេណបេនឡានផ្សារសំរោងយ៉ោងកំពុងទទូចស្នើសុំសម្ដេចតេជោបិតាសន្តិភាពជួយក្រុមគ្រួសារគាត់ផង!!!

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍

ខេត្តតាកែវ ៖ចេញផ្សាយថ្ងៃទី១៧.១២.២០២២ ក្រុមគ្រួសារលោកស្រី ខេង ឆែត ដែលប្រកបរបរលក់ដូរបន្ថែផ្លែឈើបន្តិចបន្តួចគ្រាន់បានកម្រៃចិញ្ចឹមឆ្នាំងដើម្បីចិញ្ចឹមជីវិត ត្រូវបានអាជ្ញាធរស្រុកបាទីកោះហៅជាច្រើនលើកច្រើនសារទៅសាលាស្រុកបង្ខំពួកគាត់រុះរើតូបចេញពីបរិវេណបេនឡានខាងជើងផ្សារសំរោងយ៉ោង ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ។ 

លោកស្រី មុំ លីន ក៏បានបញ្ជាក់ថាលោកស្រីបានអាស្រ័យផលលើដីនេះជាយូរណាស់មកហើយហេតុអ្វីបានជាអាជ្ញាធរមកដេញលោកស្រីដោយមិនមានដំណោះស្រាយអ្វីមួយសមស្របសម្រាប់លោកស្រីបានរស់ដូចគេដូចឯងដើម្បីចិញ្ចឹមជីវិត។

លោកស្រីបន្តថាលោកស្រីមិនជំទាស់និងគម្រោងរបស់រដ្ឋដើម្បីយកទៅអភិវឌ្ឍន៍នោះទេឲ្យតែរដ្ឋត្រូវការលោកស្រីប្រគល់ទាំងដៃពីរ តែសុំធ្វើអ្វីដែលសមស្របទាំងអស់គ្នាមិនមែនដេញតែគ្រួសារលោកស្រី ចំណែកអាជីវករផ្សេងមិនដេញធ្វើឲ្យលោកស្រីមិនពេញចិត្តចំពោះទង្វើអយុត្តិធម៌ចំពោះលោកស្រី បើពិតជាគម្រោងរដ្ឋពិតប្រាកដមែនលោកស្រីត្រេកអរក្នុងការចូលរួមចំណែកការអភិវឌ្ឍតែផ្ទុយទៅវិញលោកស្រីខ្លាចក្រែងតែការដេញលោកស្រីចេញពីកន្លែងនេះ បែរទៅជាដីកម្មសិទ្ធិរបស់ឯកជនទៅវិញដោយស្របច្បាប់!!!

ក្រុមអាជីវករដែលប្រឈមនិងការណ្តេញចេញផ្សេងទៀតលើកឡើងដែរថា បើរដ្ឋត្រូវការកន្លែងនេះសម្រាប់អភិវឌ្ឍគម្រោងណាមួយ គួរណាស់អនុវត្តឲ្យស្មើភាពគ្នាក្នុងទីតាំងបេនឡាននេះសូមអោយដេញទាំងអស់គ្នា មិនមែនមកដេញតែគ្រួសារគាត់នោះទេ ម្យ៉ាងទីធ្លាបេនឡាននេះ សឹងតែបាត់រូបរាងទៅហើយ ម៉េចបានមើលមិនឃើញ ឃើញអីតែបួនដប់តូបដែលនៅជាយខាងលិចទៅវិញ។ ពួកគាត់បន្ថែមថា អាជ្ញាធរដេញពួកគាត់ចេញ ដើម្បីយកទីតាំងនេះឲ្យអ្នកមានលុយ ព្រោះមេឃុំត្រពាំងសាបថា ដីនេះមានប្លង់អស់ហើយ។

ចំពោះលោក ជេព្រ សារ៉ា មេឃុំត្រពាំងសាបប្រាប់អង្គភាពយើងតាមរយៈទូរស័ព្ទឲ្យដឹងថា៖ ពិតជាបានស្នើសុំឲ្យម្ចាស់តូបមួយនេះរុះរើចេញមែន ព្រោះជាចំណីផ្លូវដែលត្រូវឃ្វាលធ្វើផ្លូវកោងរបស់មន្ទីរសាធារណៈការនិងដឹកជញ្ជូនខេត្ត ដោយឡែកតូបផ្សេងៗទៀតដែលកំពុងប្រកបមុខរបរលក់ដូរនោះគឺមិនមានផែនការឲ្យរុះរើនោះទេ។ លោកមេឃុំបញ្ជាក់បន្តថាការរុះរើតូបចេញពីផ្លូវគឺជាគម្រោងថ្នាក់ជាតិដើម្បីអភិវឌ្ឍន៍ជាភ្លើងស្តុបមិនពាក់ព័ន្ធនឹងអាជ្ញាធរឃុំ/ស្រុក/ខេត្តឡើយ។

ចំណែកឯលោក ភួន ឈីម អភិបាលស្រុកបាទីបានប្រាប់អង្គភាពយើងបន្តថាបើចង់ដឹងច្បាស់សូមអ្នកសារព័ត៌មានមើលលិខិតជូនដំណឹងរបស់រដ្ឋបាលស្រុកបាទីដឹងហើយមិនបាច់លោកទៅបកស្រាយនោះទេ។នេះបើយោងខ្លឹមសាររដ្ឋបាលស្រុកបាទីជូនដំណឹងដល់ម្ចាស់អាជីវករដែលមានឈ្មោះលោក រុំ រ៉ាន់ អ្នកស្រី ខេង ឆែត និងលោក លុជ្យ អ្នកស្រី មុំ លីន មានខ្លឹមសារថា៖រដ្ឋបាលស្រុកមានកិត្តិយសសូមជម្រាបជូនដំណឹងដោយលោកលោកស្រីជ្រាបថាសំណង់ លោកលោកស្រី ដែលមានផលប៉ះពាល់ដល់គម្រោងសាងសង់ផ្លូវជាតិលេខ២ តែបានទទួល(សំណង) រួចនៅភូមិស្មៅខ្ញី ឃុំត្រពាំងសាបសូមលោកធ្វើការរុះរើយ៉ាងយូរដោយកំណត់ត្រឹមថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ ២០២២ ក្នុងករណីមិនអនុវត្តរដ្ឋបាលស្រុកនិងចាត់វិធានការតាមផ្លូវច្បាប់ មិនទទួលខុសត្រូវការខូចខាតទ្រព្យសម្បត្តិរបស់បងប្អូនឡើយ។

រដ្ឋបាលស្រុកសង្ឃឹមយ៉ាងមុតមាំនិងជឿជាក់ថាលោកលោកស្រីចូលរួមសហការអនុវត្តឲ្យបានមានប្រសិទ្ធភាពខ្ពស់ចាប់ពីថ្ងៃចុះហត្ថលេខាតទៅដោយមានការប្រថាប់ត្រាពីលោក ភួន ឈីម អភិបាលស្រុកបាទីដែលចុះថ្ងៃទី១៤ ខែធ្នូ ២០២២ ដោយទុករយៈពេល០៤ថ្ងៃដើម្បីឲ្យគ្រួសារគាត់រុះរើតូបជាប្រញាប់។

ដោយឡែកក្រុមគ្រួសារលោកស្រីមិនយល់ព្រមនិងការជូនដំណឹងរបស់រដ្ឋបាលស្រុកបាទីដោយមានខ្លឹមសារថា(សងសំណង)ជូនលោកស្រី ទាំងដែលលោកស្រីមិនទាន់បានទទួល(សំណង)មួយណាឲ្យបានពិតប្រាកដនោះទេ។ក្នុងនោះដែរលោកស្រីក៏មិនបានទាមទារអ្វីឱ្យលើសលប់នោះដែរ គ្រាន់តែសូមឱ្យអាជ្ញាធរមានការគិតគូរការដោះដូរឲ្យលោកស្រីបានលក់ដូចគេដូចឯងក្នុងបរិវេណមួយកន្លែងនោះលោកស្រីសប្បាយចិត្តទៅហើយ។

តែផ្ទុយទៅវិញអាជ្ញាធរដេញក្រុមគ្រួសារលោកស្រីដោយមិនមានការដោះស្រាយគិតគូរដោះដូរទីកន្លែងអោយឱ្យសមរម្យជូនលោកស្រីសម្រាប់លក់ដូរជូនលោកស្រីក្នុងនោះដែលលោកយាយ  ងី យឿន មានអាយុជាង៨០ឆ្នាំ ហើយលោកយាយប្រាប់ថាលោកយាយប្រកបមុខរបរជាង៣០ ឆ្នាំមកហើយដោយពឹងផ្អែកការលក់ដូររបស់លោកយាយដើម្បីគ្រាន់បានបាយហូបនិងចិញ្ចឹមជីវិតគួរណាអាជ្ញាធរពាក់ព័ន្ធគួរតែមានដំណោះស្រាយជូនលោកយាយមិនមែនទុកឲ្យលោកយាយស្រក់ទឹកភ្នែករាល់ថ្ងៃនោះទេ។

ជាចុងក្រោយក្រុមគ្រួសារលោកស្រី ខេង ឆែត បានសំណូមពរទៅដល់អាជ្ញាធរពាក់ព័ន្ធខេត្តតាកែវសូមមេត្តាពិចារណាមានការគិតគូរជូនដល់ក្រុមគ្រួសារគាត់ផង។បើឱ្យគាត់ចេញគាត់ព្រមចេញតែសូមឱ្យរកកន្លែងឲ្យបានសមរម្យលក់ក្បែរៗនិងឲ្យបានសមស្របដូចគេដូចឯងផង។

ជាពិសេសលោកស្រីនិងលោកយាយបានទទូចៗស្នើសុំសម្ដេចតេជោរ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាមាតាបិតាដឹកនាំប្រទេសសន្តិភាព សូមមេត្តាជួយដល់ក្រុមគ្រួសារពួកគាត់ផងកំពុងតែរងការគាបសង្កត់ពីសំណាក់អាជ្ញាធរពាក់ព័ន្ធក្នុងខេត្តតាកែវសូមឱគ្រួសារពួកគាត់មានកន្លែងលក់ដូរដូចគេដូចឯង ដើម្បីចិញ្ចឹមម្ដាយចាស់ជរានិងកូនៗកំពុងមានវ័យសិក្សា សូមឱ្យមានកន្លែងដែលសមរម្យសម្រាប់ជូនពួកគាត់លក់ដូរបន្តិចបន្តួចដើម្បីចិញ្ចឹមជីវិត។

អង្គភាពរព័ត៌មានយើងរង់ចាំការបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធរាល់ម៉ោងធ្វើការ។

ការិយាល័យនិពន្ធ៖0967117744/017279124






No comments