ឯកឧត្តម ផៃ ប៊ុនឈឿន និងលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត នាំទេយ្យទាននិងបច្ច័យចំនួនជាង៣៧លានរៀលប្រគេនព្រះសង្ឃវត្តប្រជុំនទី ហៅវត្តក្រពើហា សម្រាប់បិណ្ឌវេនទី៥នេះ!!!
កណ្តាល៖ ឯកឧត្តម ផៃ ប៊ុនឈឿន រដ្ឋលេខាធិការប្រចាំការនៃក្រសួងបរិស្ថាននៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២នេះ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកូនប្រុស-ស្រី កូនប្រសារ ចៅៗប្រុស-ស្រី ព្រមជាមួយប្អូនៗ ក្មួយៗ មន្ត្រីនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាលទាំងអស់ ដែលបានរួមសម្បាច់ សាមគ្គីគ្នា រៀបចំគ្រឿងរណ្តាប់បរិក្ខារ គ្រឿងឧបភោគបរិភោគ បានចាត់ចែងធ្វើបុណ្យប្រគេនចំពោះព្រះសង្ឃ ក្នុងថ្ងៃ កាន់បិណ្ឌទី៥ នៅវត្តប្រជុំនទី ហៅវត្តក្រពើហា ដោយរួមជាមួយ ពុទ្ធបរិស័ទចំណុះជើងវត្តនៃក្រុមវេន។
ឯកឧត្តម ផៃ ប៊ុនឈឿន បានបន្តថ្លែងថា ដោយសេចក្ដីជ្រះថ្លា សូមវេរបុណ្យកុសលទាំងឡាយនេះ ជូនដល់កូនប្រុស-ស្រី កូនប្រសារ ចៅប្រុស-ស្រី ព្រមទាំងញាតិមិត្ត បងប្អូន កូនក្មួយ និងពុទ្ធបរិស័ទជិតឆ្ងាយទាំងអស់ សូមជួបប្រសព្វនូវពុទ្ធពរ៤ប្រការ អាយុ វណ្ណៈ សុខៈ ពលៈ និងមួយផ្នែកទៀតសូមបានដល់បុព្វការីជននៃអ្នកទាំងអស់គ្នាកុំបីអាក់ខានឡើយ។
គួរជម្រាបជូនថា វត្តមានដ៏ឧត្តុង្គឧត្តមរបស់ឯកឧត្តម ផៃ ប៊ុនឈឿន និង លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល ព្រមទាំងចៅប្រុសស្រី កូនប្រុសស្រី និងមន្ត្រីស្នងការដ្ឋាននគរបាលខេត្តខេត្តបាននាំទេយ្យទាននិងបច្ច័យប្រគេនព្រះសង្ឃសម្រាប់បិណ្ឌវេនទី៥នេះ សរុបចំនួន ៣៧,៥០៨,០០០រៀល៕
No comments