ឯកឧត្តម នៃ ចារី អភិបាលរងខេត្តកណ្តាល តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តអញ្ជើញជាអធិបតីភាពក្នុងបើកវគ្គហ្វឹកហ្វឺន ពង្រឹងយោធាឆ្នាំ២០២០តំបន់ប្រតិបត្តិការសឹករងខេត្តកណ្តាល ,,,
ខេត្តកណ្តាល៖ នៅតំបន់ប្រតិបត្តិការសឹករងកណ្តាល បានបើកវគ្គហ្វឹកហ្វឺនពង្រឹងយោធា ឆ្នាំ២០២០ ដល់នាយទាហាន នាយទាហានរង ក្នុងអង្គភាពនាព្រឹកថ្ងៃទី ២៧ខែ កក្កដា ឆ្នាំ២០២០។
លោកឧត្តមសេនីយ៍ត្រី នៃ និយម មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកណ្តាល បានថ្លែងថា អនុវត្តតាមផែនការហ្វឹកហ្វឺនពង្រឹងយោធា ឆ្នាំ២០២០ របស់កងទ័ពជើងគោក និងបញ្ជាការដ្ឋានយោធភូមិភាគពិសេស និងដោយបានការយកចិត្តទុកដាក់ជួយឧបត្ថម្ភជាថវិកាបំប៉ន របស់ក្រសួងការពារជាតិ អង្គភាពបានចាប់ផ្តើមបើកវគ្គហ្វឹកហ្វឺនទៅតាមផែនការដែលបានកំណត់។
លោកឧត្តមសេនីយ៍ត្រី បានបន្តថា ក្នុងឆ្នាំ២០២០នេះ តំបន់ប្រតិបត្តិការសឹករងកណ្តាល បានបើកវគ្គហ្វឹកហ្វឺនពង្រឹងយោធាចំនួន១វគ្គ មានសិក្ខាកាមសរុបចំនួន ៦០នាក់ និងគ្រូចំនួន ១១នាក់ ក្នុងនោះគ្រូបង្គោល ចំនួន៦នាក់ គ្រូជំនួយចំនួន៥នាក់ ដែលមានរយៈពេលហ្វឹកហ្វឺនចំនួន៩១ថ្ងៃ ដោយមិនគិតថ្ងៃបុណ្យ និងថ្ងៃឈប់សំរាក។
លោកឧត្តមសេនីយ៍ត្រី បានបន្ថែមថា វគ្គសិក្សាដែលយើងចាប់ផ្តើមនាពេលនេះ មានសារៈសំខាន់ណាស់ ដែលក្នុងនោះមានលំហាត់របៀប យុទ្ធវិធី បច្ចេកទេសអាវុធ ថ្មើជើង ឋានលេខា អប់រំចិត្តសាស្ត្រ និងបច្ចេកទេសប្រើវិទ្យុទាក់ទង។ ដោយឡែកក្នុងវគ្គនេះដែរ អង្គភាពយើងក៏បានអញ្ជើញមន្ត្រីជំនាញផ្នែកច្បាប់ របស់ស្នងការនគរបាលខេត្ត និងសាលាដំបូងខេត្ត ដើម្បីមកបង្រៀនអំពីច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ច្បាប់ស្តីពីក្រមព្រហ្មទ័ណ្ឌ និងច្បាប់ស្តីពីក្រមរដ្ឋប្បវេណី គឺសុទ្ធសឹងជាមេរៀនសំខាន់ៗ ដែលយើងទាំងអស់គ្នា ត្រូវយកចិត្តទុកដាក់ និងព្យាយាមក្នុងការរៀនសូត្រ ដើម្បីបង្កើនចំណេះដឹង។
ឯកឧត្តម បានស្នើរដល់សិក្ខាកាមទាំងអស់ប្រឹងប្រែងយកចិត្តទុកដាក់ ត្រងត្រាប់ស្តាប់លោកគ្រូជាយោធាចារ្យ មិនត្រូវអវត្តមានក្នុងម៉ោងរៀនសូត្រ ហើយការបើកវគ្គនេះ គឺបំប៉នស្មារតី គុណភាពការងារឲ្យមានភាពប្រសើរឡើង ហើយក៏ដូចជា ការដកស្រង់បច្ចេកទេសចំណេះដឹងពីអ្នកចេះច្រើន មកពន្យល់អ្នកចេះតិច ពីអ្នកចេះតិច មកពន្យល់ដល់អ្នកមិនចេះសោះ៕
No comments